
រដ្ឋធានីញូវដេលី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំភូមា ឬមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (မင်းအောင်လှိုင်) ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីលោក ស្បថចូលកាន់តំណែងជាប្រធានាធិបតី ស្តែងឱ្យឃើញពីការទទួលស្គាល់របស់រដ្ឋធានីញូវដេលី ចំពោះឋានៈនយោបាយរបស់បុរសខ្លាំងភូមារូបនេះ ស្របពេលឥណ្ឌាកំពុងព្យាយាមទប់ទល់ឥទ្ធិពលដ៏ខ្លាំងក្លារបស់មហាយក្សចិន នេះបើយោងតាមក្រុមអ្នកវិភាគ...។

ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ទី៣០ ខែឧសភា ក្រោមការអញ្ជើញផ្ទាល់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (नरेंद्र मोदी) គឺមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ ដ៏សំខាន់មួយរបស់ភូមា។ ទោះបីជាមានការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ ឥណ្ឌានៅតែបន្តរក្សាទំនាក់ទំនងការងារជាមួយបណ្តាមេដឹកនាំយោធាភូមា ដោយសារតែសកម្មភាពយុទ្ធសាស្ត្ររបស់ប្រទេសនេះ ចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់រដ្ឋធានីញូវដេលី។ នេះជាយុទ្ធសាស្ត្ររបស់ឥណ្ឌា ដើម្បីទប់ឥទ្ធិពលចិន តាមរយៈការភ្ជាប់ទំនាក់ទំនងល្អជាមួយភូមា ដើម្បីជំរុញសន្តិសុខព្រំដែនប្រទេសទាំងពីរឱ្យមានស្ថិរភាព។

លោក ហាន់ធើ ម៉ាស្តុន (Hunter Marston) នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាន Lowy Institute ក្នុងទីក្រុងស៊ីដនី បានលើកឡើងថា ការអញ្ជើញលោក មីន អ៊ុងឡាំង ទៅឥណ្ឌានេះ តំណាងឱ្យការទទួលស្គាល់ជាផ្លូវការ នូវឋានៈនយោបាយរបស់បុរសខ្លាំងរូបនេះ។ មេដឹកនាំទាំង២ បានជួបគ្នាកាលពីខែមេសាកន្លងទៅ នៅក្រៅជំនួបកំពូល Bimstec ក្នុងរាជធានីបាងកក។ លោក ម៉ាស្តុន បន្តថា៖«ភាពខុសគ្នាតែមួយគត់នៅពេលនេះ គឺរដ្ឋធានីញូវដេលីលែងធ្វើពុតជាទាក់ទងជាមួយលោក មីន អ៊ុងឡាំង ក្នុងនាមជាមេដឹកនាំនៃរដ្ឋាភិបាលថ្មីរបស់ភូមាទៀតហើយ ពួកគេហាក់ដូចជាមិនខ្វល់ខ្វាយពីក្រសែភ្នែកអ្នកដទៃមើលមកនោះទេ»។ គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង ត្រូវបានតែងតាំងជាប្រធានាធិបតី កាលពីខែមេសា បន្ទាប់ពីមានការបោះឆ្នោតមួយ ដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ជុំវិញផែនការរៀបចំក្រឡាដើរ ដើម្បីបន្តក្តោបក្តាប់អំណាច៕



