សម្តេចតេជោ ចាត់ទុកការលួចនាំចូលទំនិញថៃគ្រប់មុខតាមព្រំដែនគោក «ជាទំនិញបំផ្លាញជាតិ»
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ប្រាប់ទៅអ្នកលួចនាំចូលទំនិញពីថៃថា គ្រប់ទំនិញដែលនាំចូលឆ្លងកាត់ព្រំដែនគោកកម្ពុជា-ថៃ ដែលបិទហើយនោះ គឺជា «ទំនិញខុសច្បាប់ រត់ពន្ធ បំផ្លាញជាតិ និងប្រមាថជាតិ»។ តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចប្រមុខរដ្ឋស្តីទី សង្កត់ធ្ងន់ថា ពេលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។

ជាមួយគ្នា សម្តេច បញ្ជាឱ្យមានការចាត់វិធានការលើទំនិញដែលឆ្លងកាត់តាមព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយ ទំនិញនៅបន្តចូលបាននោះឡើយ។ សម្តេចមានប្រសាសន៍ថា៖«សូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគី[ថៃ]បិទ១ឆ្នាំមុនមកម៉្លេះ ហេតុអ្វីមានលើទីផ្សាកម្ពុជា? ម្យ៉ាងទៀតប្រសិនបើទំនិញនោះសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួន ទាំងជាតិសាសន៍»។

ទោះជាយ៉ាងណា សម្តេចតេជោ បានគូសរំលេចថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នគយ ដែលកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្ទ និងផ្លូវអាកាស (តាមព្រលានយន្តហោះ) ភាគីកម្ពុជា-ថៃ នៅដំណើរការជាធម្មតា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត