សមត្ថកិច្ចរឹបអូសសាច់បង្កកលួចនាំចូលពីថៃបានដល់ទៅ «ជាង​២០០តោន» និងចាប់ជនសង្ស័យ២នាក់ទៅតុលាការ
ហាក់ អ៊ីឌី
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅទីបំផុត ឈ្មួញទុច្ចរិត២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពួកគេលួចនាំចូលសាច់បង្កកមកពីប្រទេសថៃ និងចែកចាយក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ.....។

គណៈបញ្ជាឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ​ជាមួយអគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) បានបើកការស្រាវជ្រាវរហូតឈានដល់ការឆ្មក់បង្ក្រាបទីតាំងចំនួន២កន្លែង រកឃើញសាច់បង្កក​ ជង្គង់​មាន់​ ស្លាបមាន់​ ជើងមាន់ ព្រមទាំងឃាត់ខ្លួនមនុស្ស២នាក់ គឺលោក​ អ៊ុក សុក្របញ្ញារិទ្ធ​ ជាមេការនៅឃ្លាំងមួយកន្លែង និងលោក​ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងមួយផ្សេងទៀត (នេះជាករណី២ផ្សេងគ្នា ហើយអ្នកទាំង២នេះ ក៏មិនមែនជាកូនចៅនិងថៅកែនោះដែរ)។  

ក្រៅពីការឃាត់ខ្លួនជនល្មើសទាំង២នាក់ខាងលើ អាជ្ញាធរបានបន្តដកហូត វត្ថុតាងជាសាច់​បង្កក​នាំមកពីថៃជាង​២០០តោន​។ ជាមួយគ្នា​ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាមថា អយ្យការទើបទទួលបានសំណុំរឿងនេះ និងកំពុងបើកការសាកសួរ។ គូសបញ្ជាក់ផងដែរថា ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា នឹង​ជួបសួរ​ថៅកែដែលលួចនាំចូលសាច់បង្កក ឬទំនិញពីថៃ​ដោយផ្ទាល់តែម្តង ​ដើម្បី​ស្រាវជ្រាវ​រកមន្ត្រី​ពាក់ព័ន្ធ​ដែលស៊ីលុយ មកទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត