មនុស្ស៥នាក់ទៀត ត្រូវសមត្ថកិច្ចក្រៀកយកទៅសួរ ពាក់ព័ន្ធការលួចនាំចូលសាច់បង្កកដ៏ច្រើនសន្ធឹកពីប្រទេសថៃ
ហាក់ អ៊ីឌី
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស៥នាក់បន្ថែមទៀត ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ពាក់ព័ន្ធការលួចនាំចូលសាច់បង្កកមកពីប្រទេសថៃ ចែកចាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ.....។

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញរបាយការណ៍ស្ដីពីការត្រួតពិនិត្យទីតាំងសង្ស័យនាំចូល ស្តុកទុក ចរាចរ ចែកចាយសាច់ និងទំនិញបង្កកមានប្រភពពីប្រទេសថៃ។ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ សហការជាមួយន្ត្រីជំនាញរបស់ក.ប.ប និងស្ថាប័នអយ្យការអម ក្នុងការចុះរុករកទីតាំងលួចនាំចូលទំនិញថៃ។ ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង ប្រព្រឹត្តិបទល្មើសចំនួន៤ ក្នុងចំណោម៣៣ទីតាំង។ ១. ទីតាំងស្លាកយីហោ CSPB (CAMBODIA) ស្ថិតនៅខណ្ឌដង្កោ រកឃើញសាច់ និងផលិតផលសត្វចំនួន១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ។ ២. ទីតាំងស្ថិតនៅខណ្ឌទួលគោក រកឃើញប្រហិតបង្កកសរុប១,២តោន ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។

៣. ទីតាំងឃ្លាំងទំនិញធំៗចំនួន២ ដែលមានម្ចាស់តែមួយ ស្ថិតក្នុងខណ្ឌឫស្សីកែវ សង្ស័យថាលួចនាំចូលសាច់បង្កក និងផលិតផលពីប្រទេសថៃជាច្រើនមុខ។ ៤. ទីតាំងឃ្លាំងលេខ៦៣ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន LUX ស្ថិតក្នុងខណ្ឌកំបូល រកឃើញទូបង្កកសាច់ចំនួន២ប្រភេទ មានទម្ងន់សរុបជិត៣០តោន តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ)។ ក្រោយចប់ប្រតិបត្តិការ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងខាងលើនេះជាបណ្តោះអាសន្ន ព្រមទាំងនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន៥នាក់ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត