
ខេត្តសៀមរាប៖ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានជម្រាបទៅក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធ សមាគម និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ថា រួតបាកាននៃប្រាសាទអង្គរវត្ត នឹងបើកឱ្យទស្សនាជាធម្មតា តែនឹងត្រូវផ្អាកបណ្តោះអាសន្នចាប់ពីម៉ោង១រសៀលទៅ នៅរៀងរាល់ថ្ងៃទី១៤ និងថ្ងៃទី២៨ នៃខែនីមួយៗ ដើម្បីអនុញ្ញាតឱ្យក្រុមការងារជំនាញអនុវត្តការងារបច្ចេកទេស និងការថែទាំចាំបាច់ផ្សេងៗ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងធានាការអភិរក្ស និងថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាសុវត្ថិភាព និងស្ថានភាពល្អប្រសើរនៃទីសក្ការៈដ៏មានសារសំខាន់នេះ។ ទន្ទឹមគ្នា អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងរៀបចំផែនការទស្សនាកម្សាន្តឱ្យបានសមស្រប ដើម្បីជៀសវាងការរំខានដល់កម្មវិធីទស្សនារបស់ខ្លួន៕





