
រដ្ឋធានីវ៉ាស៊ីនតោន៖ រងើកភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ចាប់ផ្តើមច្រាលឆេះឡើងវិញ ដោយសហរដ្ឋអាម៉េរិក បើកប្រតិបត្តិការវាយប្រហារសាជាថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១១មិថុនានេះ ខណៈកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមរយៈពេល៣ខែ ទទួលបរាជ័យ។ រដ្ឋធានីតេហេរ៉ង់ បានបង្វែរកាណុងមីស៊ីល និងដ្រូនអត្តឃាតវាយបកវិញដោយប្រកាសថា ខ្លួននឹងវាយប្រហារលើនាវាទាំងហ្លាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស...។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក បានបន្លឺសម្រែកធ្ងន់ៗ ថាកងកម្លាំងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមការវាយប្រហារលើគោលដៅជាច្រើនកន្លែង ក្នុងប្រទេសអ៊ីរ៉ង់។ ក្រោយមកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍អំពីការផ្ទុះជាច្រើនទីតាំងនៅទូទាំងភាគខាងត្បូងនៃប្រទេស និងនៅជិតច្រកសមុទ្ទហ័រមូស្ស ដែលកងកម្លាំងសហរដ្ឋអាម៉េរិក ទម្លាក់គ្រាប់បែកលើប្រព័ន្ធការពារអាកាស រ៉ាដា និងទីតាំងផ្សេងៗទៀត។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB និងទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានវាយប្រហារលើនាវា២គ្រឿង ដែលព្យាយាមបើកកាត់ច្រកសមុទ្ទហ័រមូស្ស។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ក៏បានរាយការណ៍ផងដែរថា អ៊ីរ៉ង់បានវាយប្រហារលើកងនាវាទី៥របស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសបារ៉ែន ដោយបានបំផ្លាញអង់តែនទំនាក់ទំនង និងប្រព័ន្ធរ៉ាដា។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីអ៊ីរ៉ង់ថា បន្ទាប់ពីការវាយប្រហារតាមអាកាសសាជាថ្មីរបស់សហរដ្ឋអាម៉េរិក រាល់នាវាចរណ៍ឆ្លងកាត់តាមច្រកសមុទ្ទហ័រមូស្ស នឹងត្រូវក្លាយជាគោលដៅវាយប្រហារ ហើយច្រកសមុទ្ទនេះ ត្រូវបិទទាំងស្រុងចំពោះនាវាគ្រប់ប្រភេទ។

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក បានបដិសេធរឿងនេះ ដោយលើកឡើងថា៖«នាវាពាណិជ្ជកម្មនៅតែបន្តធ្វើដំណើរចេញចូលច្រកសមុទ្ទហ័រមូស្ស បានដដែល»។ យោងតាមទូរទស្សន៍ Fox News លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា នៅពេលដែលប្រតិបត្តិការទម្លាក់គ្រាប់បែកកំពុងប្រព្រឹត្តទៅ មេដឹកនាំអ៊ីរ៉ង់បានទូរសព្ទទៅលោកដោយផ្ទាល់ ដើម្បីស្នើសុំឱ្យលោកបញ្ឈប់ការវាយប្រហារ។ ទោះជាយ៉ាងណា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខបដិសេធភ្លាមៗថា អ៊ីរ៉ង់មិនបានធ្វើការស្នើសុំបែបនេះឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA។ លោក ត្រាំ អះអាងថា៖«កងកម្លាំងសហរដ្ឋអាម៉េរិក បានវាយប្រហារអ៊ីរ៉ង់ជាមួយនឹងគ្រាប់មីស៊ីល Tomahawk ចំនួន៤៩គ្រាប់ ហើយគោលដៅខ្លះស្ថិតនៅចម្ងាយត្រឹមតែ៦០គីឡូម៉ែត្រពីរដ្ឋធានីតេហេរ៉ង់ប៉ុណ្ណោះ ហើយប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែនេះទេ នោះនឹងមានការវាយប្រហារពួកគេឱ្យខ្ទេចខ្ទីតែម្ដង» នេះបើតាមទូរទស្សន៍ Fox News។

ការវាយប្រហារ២ថ្ងៃជាប់ៗគ្នារបស់សហរដ្ឋអាម៉េរិក លើអ៊ីរ៉ង់ កើតឡើងបន្ទាប់ពីលោក ត្រាំ រអ៊ូរទាំថា ក្រុមអ្នកចរចារបស់រដ្ឋធានីតេហេរ៉ង់ កំពុងចំណាយពេលយូរពេក និងលេងសើចដូចមនុស្សល្ងង់។ ជាមួយគ្នា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងបានវាយប្រហារពួកគេយ៉ាងធ្ងន់ធ្ងរ កាលពីម្សិលមិញ។ យើងនឹងវាយប្រហារពួកគេខ្លាំងម្ដងទៀត នៅថ្ងៃនេះ។ យើងជិតសម្រេចបានកិច្ចព្រមព្រៀងទៅហើយ ប៉ុន្តែពួកគេនៅតែបន្តអូសបន្លាយពេល»។ រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភេត ហេកសិត (Pete Hegseth) បានបង្ហើបថា ការវាយប្រហារអាចនឹងអូសបន្លាយដល់យប់ទី៣ ហើយវានឹងខ្លាំងក្លាជាងមុន និងច្បាស់លាស់ជាងមុន។ ថ្វីបើយ៉ាងនេះក្ដី អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី និងបារ៉ែន បន្ទាប់ពីសហរដ្ឋអាម៉េរិក បានវាយប្រហារលើសាធារណរដ្ឋឥស្លាមមួយនេះ ដើម្បីសងសឹកនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache។ សូមជម្រាបថា ឧទ្ធម្ភាគចក្រ Apache នោះ គឺជាគ្រឿងទី២ហើយ ដែលរដ្ឋធានីវ៉ាស៊ីនតោន បានបាត់បង់ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។

ងាកទៅមើលបារ៉៉ែនវិញ បារ៉ែនបានអះអាងថា ខ្លួនបានស្ទាក់ចាប់ និងកម្ទេចការវាយប្រហារតាមអាកាសមួយចំនួនរបស់អ៊ីរ៉ង់ ខណៈហ៊្សកដានី បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន៥គ្រាប់។ ចំណែកឯ កងទ័ពរបស់ប្រទេសកូវ៉ែត បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន ក៏បាននិងកំពុងវាយប្រហារលើគោលដៅអាកាសរបស់សត្រូវផងដែរ។ ចំណែករដ្ឋធានីតេហេរ៉ង់ បានព្រមានដល់ប្រទេសជិតខាងទាំងហ្លាយណា ប្រឆាំងនឹងការអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ឬអ៊ីស្រាអែលប្រើប្រាស់ទឹកដីរបស់ពួកគេ ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់ បើមិនដូច្នោះទេ ប្រទេសទាំងនោះ ក៏នឹងក្លាយជាគោលដៅមីស៊ីសបាឡេស្ទីករបស់ខ្លួនមិនខានឡើយ៕





