
អន្តរប្រទេស៖ ប្រទេសចំនួន២២ រួមទាំងសហរដ្ឋអាម៉េរិក ប្រទេសនៅតំបន់អឺរ៉ុប អូស្ត្រាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី១១ ខែមិថុនានេះ ដោយបានព្រមានយ៉ាងធ្ងន់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ ឱ្យបញ្ឈប់សកម្មភាពរំលោភបំពាន និងការវាយប្រហារលើប្រជាពលរដ្ឋ នៅលើទឹកដីរបស់ពួកគេជាបន្ទាន់...។

ក្រុមប្រទេសទាំងនោះ បានថ្កោលទោសសេវាសន្តិសុខរបស់អ៊ីរ៉ង់ ចំពោះការប្រើប្រាស់ក្រុមទុច្ចរិត និងក្រុមជនទំនើងទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីរៀបចំផែនការលួចធ្វើឃាត ចាប់ជម្រិត និងគំរាមកំហែងនៅក្នុងតំបន់អឺរ៉ុប អាម៉េរិកខាងជើង និងអូស្ត្រាលី ដែលទង្វើនេះ បានបំផ្លាញដល់អធិបតេយ្យភាពជាតិ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ បានលាតត្រដាងថា ទីភ្នាក់ងារសម្ងាត់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ និងកងកម្លាំងពិសេស Quds Force បានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងការរៀបចំផែនការសម្លាប់ និងសកម្មភាពបំផ្លិចបំផ្លាញជាច្រើន ដោយផ្តោតគោលដៅលើក្រុមអ្នករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាសហគមន៍ ផលប្រយោជន៍របស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។ បណ្តាប្រទេសលោកខាងលិច បានប្រកាសរួមគ្នាយ៉ាងម៉ឺងម៉ាត់ថា៖«យើងរួបរួមប្រកៀកស្នាគ្នា ប្តេជ្ញាចិត្តការពារប្រទេស និងប្រជាពលរដ្ឋរបស់យើង ពីការគំរាមកំហែងទាំងនេះ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះ ឥឡូវនេះ!»។

លើសពីនេះ អ៊ីរ៉ង់ក៏ត្រូវរងការចោទប្រកាន់ថា បានឈរពីក្រោយខ្នងយុទ្ធនាការវាយប្រហារពាសពេញតំបន់អឺរ៉ុប ដែលត្រូវបានចេញមុខអះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធមួយឈ្មោះ Harakat Ashab al-Yamin al-Islamiya (HAYI) មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ក្រុមនេះ បានចេញមុខទទួលខុសត្រូវលើការចាក់សម្លាប់បុរសជនជាតិជ្វីហ្វពីរនាក់ និងការដុតបំផ្លាញព្រះវិហារជ្វីហ្វជាច្រើន ក្នុងរាជធានីឡុងដ៍ ព្រមទាំងការវាយប្រហារលើសហគមន៍ជ្វីហ្វក្នុងប្រទេសអង់គ្លេស បែលហ្ស៊ិក និងហូឡង់ផងដែរ។ ស្ថានភាពនេះ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងអូស្ត្រាលី និងអ៊ីរ៉ង់ ប្រេះឆាខ្លាំង រហូតដល់អូស្ត្រាលី បានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចេញពីប្រទេស កាលពីឆ្នាំ២០២៥ និងបានប្រកាសចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជាក្រុមគាំទ្រអំពើភេរវកម្ម បន្ទាប់ពីរងការវាយប្រហារដុតព្រះវិហារ និងហាងអាហារជ្វីហ្វនៅលើទឹកដីរបស់ខ្លួន៕



