ប្រកាសច្រំដែលៗ៖ ដូណាល់ ត្រាំ ថា សហរដ្ឋអាម៉េរិកបានបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ហើយនៅថ្ងៃនេះ
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសអះអាងក្ដែងៗនៅថ្ងៃនេះ ថា សហរដ្ឋអាម៉េរិក បានបញ្ចប់សង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់ជាផ្លូវការហើយ បន្ទាប់ពីភាគីទាំងពីរព្រមព្រៀងគ្នាលើ«អនុស្សរណៈនៃការយោគយល់គ្នា ដ៏រឹងមាំបំផុតមួយ» ដើម្បីបញ្ឈប់ការវាយប្រហារគ្នា។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានយល់ព្រមថា នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាដាច់ខាត ដែលនេះជាលក្ខខណ្ឌដ៏សំខាន់បំផុត និងជាគោលបំណងធំរហូតដល់ទៅ៩៥ភាគរយ នៃកិច្ចព្រមព្រៀងទាំងមូល។ 

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ បានថ្លែងប្រាប់អ្នកគាំទ្រតាមរយៈការជួបជុំតាមទូរសព្ទ (Telerally) ថា៖«ខ្ញុំមិនដឹងថា អ្នកទាំងអស់គ្នាបានឮឬនៅទេ? ប៉ុន្តែយើងបានបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នៅថ្ងៃនេះហើយ ពួកគេបានយល់ព្រម នឹងមិនបង្កើតអាវុធនុយក្លេអ៊ែរឡើយ ដែលនេះជាអ្វីដែលយើងបានទាមទារយ៉ាងដាច់អហង្កា»។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់បន្ថែមនៅចុងបញ្ចប់នៃកិច្ចសន្ទនានោះថា៖«ថ្ងៃនេះ យើងបានដោះស្រាយសព្វគ្រប់ជាមួយអ៊ីរ៉ង់។ យើងបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ ហើយកងទ័ពរបស់យើង នឹងចាប់ផ្តើមត្រឡប់មកផ្ទះវិញ ក្នុងពេលឆាប់ៗនេះ។ វាស្ទើរតែបានបញ្ចប់សព្វគ្រប់១០០ភាគរយហើយ យើងទទួលបានគ្រប់យ៉ាងដែលយើងចង់បាន»។ 

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តលុបចោលចំពោះការបើកវាយប្រហារតាមអាកាសបន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ ដោយលោកបានបង្ហើបនៅលើបណ្តាញសង្គម Truth Social ថា ភាគីទាំងពីររកឃើញចំណុចព្រមព្រៀងរួមគ្នាហើយ ប៉ុន្តែមិនទាន់បានលាតត្រដាងពីលក្ខខណ្ឌលម្អិតស៊ីជម្រៅនៅឡើយទេ។ ទោះជាយ៉ាងណា ខាងភាគីរដ្ឋាភិបាលអ៊ីរ៉ង់នៅមិនទាន់បានចេញមុខមកបញ្ជាក់ ឬទទួលស្គាល់ថា មានការសម្រេចកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ ជាមួយគ្នា លោក ត្រាំ ក៏បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមផងដែរថា ការបិទខ្ទប់របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ទៅលើនាវាដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ នឹងនៅតែបន្តអនុវត្តដដែល រហូតទាល់តែរាល់កិច្ចព្រមព្រៀង និងប្រតិបត្តិការទាំងស្រុង ត្រូវបានចុះហត្ថលេខាបញ្ចប់ជាស្ថាពរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត