
រដ្ឋធានីញូវដេលី៖ ក្នុងជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ខ្លួន ប្រទេសឥណ្ឌា កំពុងចាប់ផ្តើមគម្រោងខ្នាតយក្សតម្លៃប្រហែល៤,៨ពាន់លានដុល្លារអាម៉េរិក នោះគឺការសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិក្រោមបាតសមុទ្ទប្រវែង ២០០០គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ប្រទេសអូម៉ង់ ទៅកាន់រដ្ឋហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា។ ការបណ្តាក់ទុនដ៏ច្រើនសម្បើមបែបនេះ ត្រូវបានរចនាឡើងដើម្បីវាង ឬគេចចេញពីច្រកសមុទ្ទហ័រមូស្ស ជាចំណុចក-ដប ស្លាប់រស់ផ្នែកភូមិសាស្ត្រនយោបាយដ៏រសើប ខណៈបច្ចុប្បន្ន ផ្លូវទឹកដ៏តូចចង្អៀតនេះជាបំពង់អ៊ុកស៊ីហ្សែនជាង៨០ភាគរយនៃការផ្គត់ផ្គង់ថាមពលសរុបរបស់ប្រទេសនេះ និង២០ភាគរយនៅលើពិភពលោក...។

ជាមួយនឹងភាពតានតឹងដែលកំពុងបន្តកើនឡើងខ្លាំង នៅជុំវិញច្រកសមុទ្ទហ័រមូស្ស បណ្ដាលមកពីជម្លោះរវាងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក វាយប្រហារអ៊ីរ៉ង់ ដូច្នេះ ការពឹងផ្អែកខ្លាំងពេករបស់ឥណ្ឌាលើច្រកសមុទ្ទដ៏ចង្អៀតមួយនេះ បានក្លាយជាចំណុចខ្សោយដ៏ធំមួយ។ ដូច្នោះហើយ ឥណ្ឌាចាប់ផ្តើមបញ្ចេញគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិ ក្រោមបាតសមុទ្ទប្រវែង២០០០គីឡូម៉ែត្រ ក្នុងបំណងគេចចេញពីការពឹងផ្អែកច្រកហ័រមូស្ស។ គម្រោងបំពង់បង្ហូរឧស្ម័ននេះ គឺដឹកនាំដោយក្រុមហ៊ុន Gale EILIOC និងគាំទ្រដោយស្ថាប័ន SAGE។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលពី៥ទៅ៧ឆ្នាំ ដើម្បីសាងសង់ បន្ទាប់ពីទទួលបានការអនុម័ត។ គម្រោងនេះ មានគោលដៅបើកដំណើរការឱ្យបានពេញនៅចន្លោះឆ្នាំ២០៣៣ ដល់២០៣៥។

ហេតុអ្វីបានជាឥណ្ឌាត្រូវគេចចេញពីច្រកសមុទ្រហ័រមូស្ស...? មែនទែនទៅ ច្រកសមុទ្ទហ័រមូស្ស ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយក្នុងលោក។ ការប្រែប្រួលចរន្តភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ បាននាំឱ្យមានភាពរអាក់រអួលខ្លាំងដល់ការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក ដោយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ឥណ្ឌា។ យ៉៉ាងណា តាមរយៈការសាងសង់បំពង់បង្ហូរក្រោមទឹកផ្ទាល់នេះ ឥណ្ឌាមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារទិញដូរឧស្ម័នធម្មជាតិរាវ និងការដឹកជញ្ជូនតាមនាវាផ្ទុកប្រេង ដែលងាយរងគ្រោះដោយសារភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។ បំពង់បង្ហូរប្រេងនេះនឹងផ្តល់នូវការចូលទៅប្រើប្រាស់ឧស្ម័នធម្មជាតិវដោយផ្ទាល់ពីបណ្តាប្រទេសក្នុងឈូងសមុទ្ទពែក្ស រួមមាន៖ អូម៉ង់ អេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ តួកម៉េនីស្ថាន និងកាតា ដែលជាជង្រុកសម្បូរទៅដោយទុនបម្រុងឧស្ម័នដ៏មហាសាលរហូតដល់២៥០០ពាន់ពាន់លានហ្វីតគូប។

ទោះជាយ៉ាងណាក៏ដោយ បំពង់បង្ហូរនេះ នឹងត្រូវឆ្លងកាត់ផ្ទៃក្រោមទឹកដ៏លំបាក និងមានបញ្ហាប្រឈមខ្លាំង ដោយត្រូវលិចចុះទៅក្នុងជម្រៅរហូតដល់៣៤៥០ម៉ែត្រ។ ប្រសិនបើទទួលបានជោគជ័យ វានឹងឈរនៅលំដាប់ថ្នាក់ជាបំពង់បង្ហូរក្រោមបាតសមុទ្ទជ្រៅបំផុត ដែលមិនធ្លាប់មានពីមុនមក។ ការសិក្សាបានបង្ហាញថា គេបានដាក់បំពង់សាកល្បងប្រវែង៣០០០ម៉ែត្ររួចហើយ ដើម្បីវិភាគលើភូគព្ភសាស្ត្របាតសមុទ្ទ សណ្ឋានដី សកម្មភាពរញ្ជួយដី និងចរន្តទឹកសមុទ្ទជ្រៅ។ ការស្រាវជ្រាវដ៏ទូលំទូលាយនេះ បានបង្ហាញពីលទ្ធភាពជោគជ័យ នៃគម្រោងបំពង់បង្ហូរនេះ សូម្បីតែស្ថិតនៅក្រោមលក្ខខណ្ឌសម្ពាធធ្ងន់ធ្ងរនៅក្នុងមហាសមុទ្ទជ្រៅក៏ដោយ។ ផ្លូវបំពង់រត់ដែលបានស្នើឡើង ត្រូវបានគណនាយ៉ាងហ្មត់ចត់ ដើម្បីចៀសវាងចំណោតដីមិនស្មើគ្នា ខ្សែបន្ទាត់រញ្ជួយដីតូចៗ និងច្រករបៀងដឹកជញ្ជូនតាមសមុទ្ទដ៏រសើប ដើម្បីធានាបាននូវភាពធន់ និងភាពជឿជាក់រយៈពេលវែងរបស់បំពង់បង្ហូរ។

បច្ចុប្បន្ន ប្រទេសឥណ្ឌាប្រើប្រាស់ឧស្ម័នធម្មជាតិប្រហែល១៩០ទៅ១៩៥លានម៉ែត្រគូបក្នុងមួយថ្ងៃ ជាតួលេខមួយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២៩០ទៅ៣០០លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមឆ្នាំ២០៣០។ បំពង់បង្ហូរឧស្ម័ន ដែលបង្កើតឡើងដាច់ដោយឡែកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការ ដែលកំពុងត្រូវការខ្លាំង និងមានសារសំខាន់ខ្លាំងលើវិស័យសំខាន់ៗ ដូចជា៖ ជីកសិកម្ម ការផលិតថាមពលអគ្គិសនី និងគីមីឥន្ធនៈ។ តាមរយៈការធានាបាននូវការផ្គត់ផ្គង់ ដែលគ្មានការរំខានពីជម្លោះ គម្រោងនេះ គាំទ្រដោយផ្ទាល់ដល់គោលដៅយុទ្ធសាស្ត្ររបស់ឥណ្ឌា ក្នុងការបង្កើនចំណែកនៃឧស្ម័នធម្មជាតិនៅក្នុងល្បាយថាមពលសរុបរបស់ខ្លួន ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងមាននិរន្តរភាពជាងមុន។ លើសពីអត្ថប្រយោជន៍បច្ចេកទេស និងសេដ្ឋកិច្ច បំពង់បង្ហូរនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទំនងយុទ្ធសាស្ត្ររបស់ឥណ្ឌាជាមួយបណ្តាប្រទេសក្នុងឈូងសមុទ្ទផងដែរ៕



