កីឡាករជម្រើសជាតិជឺជីតស៊ូ​កម្ពុជា ឈ្នះមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក ២០២៦ នៅប្រេស៊ីល

រដ្ឋធានីប្រេស៊ីលីយ៉ា៖ កីឡាករជម្រើសជាតិជឺជីតស៊ូ​កម្ពុជា មឿន លីមសុបញ្ញា បានឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍ប្រកួតកីឡាប្រយុទ្ធជើងឯកសាកលវិទ្យាល័យពិភពលោក (THE FISU WORLD UNIVERSITY CHAMPIONSHIP) ឆ្នាំ២០២៦ នៅរដ្ឋធានីប្រេស៊ីលីយ៉ា ប្រទេសប្រេស៊ីល។

ព្រឹត្តិការណ៍កីឡាប្រយុទ្ធជើងឯកសាកលវិទ្យាល័យពិភពលោក ដែលប្រព្រឹត្តទៅរដ្ឋធានីប្រេស៊ីលីយ៉ា ប្រទេសប្រេស៊ីល កម្ពុជាបានបញ្ជូនអត្តពលិកតែមួយរូបប៉ុណ្ណោះ និងគ្រូបង្វឹកម្នាក់ ទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។ ជារឿងស្ទើរមិនគួរឱ្យជឿ កីឡាករ មឿន លីមសុបញ្ញា បានសាងកំណត់ត្រាមួយដែលគ្រប់គ្នាស្មានមិនដល់ នោះគឺការដណ្តើមបានមេដាយប្រាក់ ជើងឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០២៦ នេះ ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញបំផុត។ ថ្លែងក្រោយចប់ការប្រកួត កីឡាករមឿន លីមសុបញ្ញា បានសម្ដែងការសោកស្ដាយ និងបញ្ជាក់ពីគោលជំហររបស់ខ្លួនថា៖"គោលដៅរបស់ខ្ញុំ គឺយកមេដាយមាសមកផ្ទះវិញ! ប៉ុន្តែខ្ញុំបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំនឹងរៀនពីបទពិសោធនេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់"

កីឡាករមឿន លីមសុបញ្ញា
កីឡាករមឿន លីមសុបញ្ញា

យ៉ាងណា សហព័ន្ធ​កីឡជឺជីតស៊ូ​កម្ពុជា បានសម្ដែងការអបអរសាទរ ​ចំពោះ​ការបង្ហាញសមត្ថភាពដ៏​លេចធ្លោ និង​ដណ្តើមបានមេដាយប្រាក់​ជើងឯក​ពិភពលោក​របស់កីឡាករ មឿន លីមសុបញ្ញា ​ដែលរូបគេសក្តិសម​នឹងទទួលបាន។ សហព័ន្ធ​កីឡជឺជីតស៊ូ​កម្ពុជា ក៏បានឱ្យដឹងផងដែរថា រដូវកាល​នៃការប្រកួតអន្តរជាតិ​នៅតែបន្ត កីឡាករ មឿន លីមសុបញ្ញា នឹងប្រកួត​តំណាង​ឱ្យ​ប្រទេសកម្ពុជា​ម្ដងទៀត​ នៅ​ខែក្រោយ ​នាការប្រកួត​ធំៗ​នៅ​ប្រទេស​ជប៉ុន និងកាហ្សាក់ស្ថាន។ ចំពោះលទ្ធផលនៃការប្រកួតលើវិញ្ញាសា Ju-Jitsu GI ឯកត្តជនបុរស ទម្ងន់ក្រោម៧៧គីឡូក្រាម៖ កីឡាករអាល្លឺម៉ង់ ឈ្នះដោយផ្តួលឱ្យដៃគូសុំចុះចាញ់តាមរយៈការចាប់កាច់ក្លេដៃ ត្រឹមរយៈពេល១នាទី និង២០វិនាទី (ឈ្នះមេដាយសំរឹទ្ធ)។

កីឡាករថៃ ឈ្នះដោយផ្តួលឱ្យដៃគូសុំចុះចាញ់តាមរយៈការក្លេដៃដូចគ្នា ក្នុងរយៈពេល៣នាទី និង៣៦វិនាទី(ឈ្នះមេដាយសំរឹទ្ធស្ទួន)។ ចំពោះការប្រកួតដណ្តើមមេដាយមាសវិញ កីឡាករប្រេស៊ីល បានពីនាំមុខលើ កីឡាករ មឿន លីមសុបញ្ញា យ៉ាងប្រផិតប្រផើយនៅនាទីចុងក្រោយ ដោយទទួលបានមេដាយមាស។ សូមបញ្ជាក់ថា ប្រតិភូកីឡាកម្ពុជា បានចេញដំណើរទៅកាន់រដ្ឋធានីប្រេស៊ីលីយ៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FISU World University Championship 2026 ខណៈកីឡាករ មឿន លីមសុបញ្ញា ប្រកួតតំណាងកម្ពុជាលើវិញ្ញាសា Ju-Jitsu GI ឯកត្តជនបុរស ទម្ងន់ក្រោម៧៧គីឡូក្រាម អមដោយគ្រូបង្វឹក លោក ចេស្ពើរ ម៉ាទីញ ប៉ាស (Jasper Martijn Paas)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត