
រាជធានីភ្នំពេញ៖ អមជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ កម្ពុជាបន្តត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន» ឱ្យក្លាយជាវេទិកាបង្ហាញវប្បធម៌ និងផលិតផលកម្ពុជា រួមជាមួយប្រទេសសមាជិកហ្វ្រង់កូហ្វូនី។ នេះបើយោងតាមក្រសួងទេសចរណ៍ បញ្ជាក់ក្រោយកិច្ចប្រជុំរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦..។

តាមរយៈកិច្ចប្រជុំស្តីពី«ការផ្ដល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកឡើងថា២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ លោកគូសរំលេចថា៖«ភូមិហ្រ្វង់កូហ្វូន មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី ទៅកាន់ពិភពលោកផងដែរ»។ ក្នុងន័យនេះ ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន» ក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិផងដែរ។

ជាងនេះទៅទៀតព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាសម្រាប់បង្ហាញវប្បធម៌ ទំនៀមទម្លាប់ ផលិតផល និងសេវាកម្មរបស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនីជាង ៩០ប្រទេស ជូនដល់ថ្នាក់ដឹកនាំពិភពលោក គណៈប្រតិភូអន្តរជាតិ និងសាធារណជន ដែលរំពឹងថានឹងចូលរួមទស្សនាជាង១០ម៉ឺននាក់ ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។ តាមផែនការ «ភូមិហ្រ្វង់កូហ្វូន» នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការរៀបចំតំបន់សកម្មភាពសំខាន់ៗចំនួន៦ រួមមាន៖ ពន្លាជាតិ, វេទិកាសិល្បៈប្រចាំថ្ងៃ, កន្លែងសិក្ខាសាលា និងកិច្ចពិភាក្សា, ភូមិម្ហូបអាហារ, តំបន់ពិពណ៌ផលិតផលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មាន។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាវេទិកាជួបជុំរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងនយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការ អប់រំ វប្បធម៌ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ កម្ពុជា ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ដោយមានព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរ រួមមាន «ភូមិហ្រ្វង់កូហ្វូន» (Village Francophone) និង «ហ្វ្រង់កូតិច» (FrancoTech) ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ព្រមទាំងលើកកម្ពស់កិត្តិនាមជាតិឱ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ៕






