អាជ្ញាធររាជធានីបន្តនាំខ្លួនម្ចាស់ទីតាំងសាច់បង្កក៤នាក់បន្ថែមទៀត ក្រោយរកឃើញប្រភពនាំចូលមកពីថៃ
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ម្ចាស់ទីតាំងសាច់បង្កក និងសិប្បកម្មប្រហិតចំនួន៤កន្លែងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរ ក្រោយរកឃើញប្រភពនាំចូលមកពីប្រទេសថៃ យកមកចែកចាយកក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ...។ 

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា លោក ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំង និងសិប្បកម្មដែលសង្ស័យថា បាននាំចូល ស្តុកទុក និងចែកចាយ ទំនិញ ត្រី សាច់ បង្កកគ្រប់ប្រភេទពីប្រទេសថៃ សរុបចំនួន៥១ទីតាំង។ ក្នុងចំណោមទីតាំងទាំងអស់ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន៤កន្លែង មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។

បច្ចុប្បន្ន ក្រុមការងារសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ សូមជម្រាបថា កាលពីថ្ងៃម្សិលមិញ អាជ្ញាធរជំនាញបាននាំខ្លួនម្ចាស់ទីតាំងឃ្លាំងយីហោឈ្មោះ «ភុត ប៊ុនហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ យកទៅសាកសួរព័ត៌មានបន្ថែម ក្រោយរកឃើញនាំចូលសាច់បង្កកមានប្រភពមកពីប្រទេសថៃដូចគ្នា។ យ៉ាងណា មហាជនកំពុងរង់ចាំមើលថា តើមានមន្ត្រីណាខ្លះនៅពីក្រោយការនាំចូលរបស់ឈ្មួញទាំងអស់នោះ? បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ធ្លាប់បានប្រកាសហើយ ដោយកំណត់ឱ្យហៅឈ្មួញមកសួរដោយផ្ទាល់ ដើម្បីរកមុខមន្ត្រី​​ពាក់ព័ន្ធនៃការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត