ឃើញទំនិញថៃមានលក់ក្នុងទីផ្សារ អាជ្ញាធរក្រុងប៉ោយប៉ែតទុកពេលឱ្យពីរថ្ងៃ បើនៅមានទៀតនឹងលែងធម៌ក្ដៅ
S
Sreyleak Yith
មួយម៉ោងមុន

ក្រុងប៉ោយប៉ែត៖ លោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទំនិញក្នុងផ្សារអគ្គ ផ្សារត្រី ដើម្បីតាមដានទំនិញរបស់អាជីវករលក់លើទីផ្សារ។ ជាលទ្ធផល អាជ្ញាធរបានរកឃើញទំនិញថៃមួយចំនួន កំពុងបន្តដាក់លក់តាមបណ្តាតូបមួយចំនួន…។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកអភិបាលក្រុង បានណែនាំដល់អាជីវករខ្មែរទាំងអស់ ត្រូវបញ្ឈប់ការលក់ទំនិញថៃជាបន្តាន់ ព្រោះប្រជាពលរដ្ឋកម្ពុជា បានធ្វើពហិកាមិនប្រើប្រាស់ទំនិញថៃទៀតទេ ខណៈច្រកទ្វារព្រំដែនគោកទាំងអស់ ត្រូវបានយោធាថៃបិទដោយឯកតោភាគីជាង១ឆ្នាំមកហើយ ហេតុអ្វីនៅមានទំនិញថៃនៅលក់បន្ត? ជារឿងគួរឱ្យសោកស្ដាយណាស់ ដែលបណ្តាតូបលក់ដូរក្នុងផ្សារខ្មែរនៅមានលក់ទំនិញសៀមយ៉ាងសម្បើមបែបនេះ។ ដោយមើលឃើញទំនិញសៀមនៅមានលក់ក្នុងទីផ្សារយ៉ាងច្រើនបែបនេះ លោកអភិបាលក្រុងប៉ោយប៉ែត បានដាក់ឱសានវាទដល់ក្រុមអាជីវករខ្មែរទាំងអស់ ត្រូវបញ្ឈប់លក់ទំនិញថៃ ដោយទុករយៈពេល២ថ្ងៃទៀត ត្រូវតែគ្មានទំនិញថៃលើទីផ្សារកម្ពុជា។ ជាមួយគ្នា អាជ្ញាធរក្រុងនឹងចុះត្រួតពិនិត្យជាថ្មីម្ដងទៀត ករណីរកឃើញអាជីវកររូបណា នៅមានទំនិញថៃដាក់លក់ទៀត អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

គួរជ្រាបថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍ថា ចំពោះអ្នកនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ត្រូវចាប់រឹបអូសទ្រព្យសម្បត្តិ និងបញ្ជូនខ្លួនអ្នកទាំងនោះទៅទល់ដែន ដើម្បីបម្រើកិច្ចការងារទ័ព និងកំណត់ឱ្យហៅឈ្មួញមកសួរដោយផ្ទាល់ ដើម្បីរកមុខមន្ត្រី​​ពាក់ព័ន្ធអំពីការនាំសាច់បង្កកទាំងនោះ ចូលមកទឹកដីកម្ពុជា៕ រាយការណ៍ដោយ៖ លោក ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត