
ក្រុងប៉ោយប៉ែត៖ មនុស្សប្រុសស្រី៧៤នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ នៅចំណុចអគារមួយកន្លែងកម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦...។

ការឆ្មក់ចុះបង្រ្កាបនេះ ធ្វើឡើងដោយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ សហការជាកម្លាំងអគ្គស្នងការនគរបាលជាតិ ព្រមទាំងសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យអគារស្នាក់នៅដែលសង្ស័យថា មានការលបលួចប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេម ចំនួន២ទីតាំង។ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ មន្រ្តីជំនាញរកឃើញមនុស្សប្រុសស្រី៧៤នាក់ បាននិងកំពុងប្រមូលផ្តុំគ្នាធ្វើសកម្មភាពឆបោកជាក់ស្តែងនៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងជាប្រភេទ ដូចជាគ្រឿងអេឡិចត្រូនិក ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសឆបោកលុយឆ្លងប្រទេស ត្រូវបានអាជ្ញាធរបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការរក្សាទុក និងសាកសួរព័ត៌មានបន្តនីតិវិធីតាមច្បាប់ជាធរមាន។ រីឯម្ចាស់ទីតាំង អាចប្រឈមនឹងការឃាត់ទុក ឬដកហូតទ្រព្យសម្បត្តិ ហើយពិន័យទៅតាមអនុក្រឹត្យ និងច្បាប់កំណត់បន្ថែម៕










