
មជ្ឈិមបូព៌ា៖ សម្ព័ន្ធមិត្តទាំង២ គឺអាម៉េរិក និងអ៊ីស្រាអែល កំពុងធ្វើសកម្មភាពផ្សេងគ្នា។ អាម៉េរិក រៀបចំក្រដាស និងកាន់ប៊ិក ត្រៀមដើរទៅចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែអ៊ីស្រែអែលឯណោះវិញ បន្តកាន់អាវុធវាយប្រហារក្រុមប្រដាប់អាវុធហេសបូឡាហ៍នៅលីបង់ដដែល។

សារព័ត៌មាន Al Jazeera ទើបនឹងរាយការណ៍នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារលើភាគខាងត្បូងប្រទេសលីបង់ដូចធម្មតា។ ជាមួយគ្នា កងទ័ពអ៊ីស្រាអែល បានបន្លឺសំឡេងស៊ីរ៉េនតាមអាកាស ដើម្បីបន្តផ្តល់ដំណឹងឱ្យប្រជាជនខ្លួនប្រុងប្រយ័ត្ន និងត្រៀមការពារខ្លួន បន្ទាប់ពីសង្ស័យថា មានយន្តហោះចម្បាំង និងដ្រូនសត្រូវហោះឆ្វែលនៅប៉ែកខាងជើងប្រទេសអ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ចំពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ចេញសេចក្តីថ្លែងការណ៍ប្រកាសប្រាប់ពិភពលោកថា អាម៉េរិក បានបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ជាផ្លូវការហើយ។ លោក ថែមទាំងអះអាងថា អាម៉េរិក និងអ៊ីរ៉ង់ បានឯកភាពគ្នាបង្កើតកិច្ចព្រមព្រៀងដ៏រឹងមាំ (ដែលជាកិច្ចព្រមព្រៀងលើកទី២)។ គេមិនទាន់ភ្លេចនោះទេថា អាម៉េរិក និងអ៊ីរ៉ង់ បានបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាលើកទី១ម្តងរួចមកហើយ ប៉ុន្តែនៅតែវ៉ៃគ្នាដដែល។ តើកិច្ចព្រមព្រៀងលើកទី២នេះ អាចកើតឡើងដូចមាត់លោក ត្រាំ ដែរឬទេ ហើយបើកើតឡើងមែន តើគ្រប់ភាគីនឹងអនុវត្តដែរទេ? ឬក៏បង្កើតហើយ នៅវ៉ៃគ្នាដដែលទៀត?



