វៀតណាម-ឡាវ ចាប់ដៃគ្នាចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុ៥ឆ្នាំ ពង្រឹងសេដ្ឋកិច្ចទ្វភាគីឱ្យកាន់តែរឹងមាំ
N
Nary Vann
09 មិថុនា 2026 02:30 PM

រដ្ឋធានីហាណូយ៖ នៅក្នុងរបត់ថ្មីនៃការរឹតចំណងមិត្តភាពដែកថែប វៀតណាម និងឡាវ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏ធំមួយ សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅរដ្ឋធានីហាណូយ។

កិច្ចព្រមព្រៀងនេះ គឺជាឯកសារគន្លឹះមួយក្នុងចំណោមឯកសារសហប្រតិបត្តិការទាំងបួន ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីឡាវ លោក សុនសាយ ស៊ីផាន់ដន (ສອນໄຊ ສີພັນດອນ) នៅវៀតណាម ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ។ កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ បន្តកសាងឡើងដោយផ្អែកលើសមិទ្ធផលនៃដំណាក់កាលឆ្នាំ២០២១-២០២៥ ផ្តោតលើការលើកកម្ពស់សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ឡាវ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ។

តាមរយៈផែនការនេះ ក្រសួងទាំងពីរ នឹងអនុវត្តកម្មវិធីរួមគ្នាលើវិស័យគន្លឹះជាច្រើន រួមមានការកែលម្អក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទំនើបកម្មបរិក្ខារ និងការផ្លាស់ប្ដូរបទពិសោធវិជ្ជាជីវៈ។ បន្ថែមលើនេះ ភាគីវៀតណាមនឹងផ្តល់អាទិភាពលើការគាំទ្រផ្នែកបច្ចេកទេសដល់ឡាវ ក្នុងវិស័យរដ្ឋបាលគយ ពន្ធដារ រតនាគារ ការគ្រប់គ្រងថវិការដ្ឋ និងបំណុលសាធារណៈ។ ក្រៅពីការធ្វើទំនើបកម្មប្រព័ន្ធគោលនយោបាយ និងការផ្លាស់ប្ដូរអ្នកជំនាញហើយ វៀតណាម ក៏នឹងបើកផ្លូវផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតដល់មន្ត្រីហិរញ្ញវត្ថុឡាវមកបន្តការសិក្សា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរហិរញ្ញវត្ថុមូលដ្ឋាននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត