
រដ្ឋធានីហាណូយ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល បានធ្វើដំណើរទៅដល់រដ្ឋធានីហាណូយ នៅថ្ងៃចន្ទទី៨ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ លើគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងថៃ និងវៀតណាម លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចការតំបន់...។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ខណៈដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរកម្រិតខ្ពស់ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម ទៅកាន់ប្រទេសថៃ កាលពីចុងខែឧសភាកន្លងទៅ ដែលមេដឹកនាំប្រទេសទាំងពីរជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អ្នករួមដំណើរលោក អនុទីន មានភរិយា និងគណៈប្រតិភូថៃ បានទៅដល់រដ្ឋធានីហាណូយនាម៉ោង១០ព្រឹក។ ភ្លាមៗបន្ទាប់ពីចុះចត អនុទីន បានចាប់ផ្តើមជួបពិភាក្សាការងារជាមួយសហគ្រិនថៃ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅប្រទេសវៀតណាម ដើម្បីស្ដាប់មតិយោបល់របស់ពួកគេលើលក្ខខណ្ឌវិនិយោគ ឱកាសធុរកិច្ច និងឧបសគ្គនានា ដែលក្រុមហ៊ុនថៃកំពុងជួបប្រទះ។

លើសពីនេះ លោក អនុទីន ក៏មានកម្មវិធីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធុរកិច្ចវៀតណាម ដើម្បីផ្លាស់ប្ដូរទស្សនៈលើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈប្រទេសទាំង២កំពុងស្វែងរកច្រកផ្លូវថ្មីសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ចំពេលមានភាពប្រែប្រួលនៃទីផ្សារសកល ការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។ របៀបវារៈសំខាន់ រួមមាន៖ កិច្ចប្រជុំពេញអង្គរវាងថ្នាក់ដឹកនាំថៃ និងវៀតណាម ដោយការចរចាត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ សន្តិសុខស្បៀង ថាមពល និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន។

ជាមួយគ្នា លោក អនុទីន ក៏គ្រោងនឹងជួបជាមួយប្រធានរដ្ឋសភាវៀតណាម និងចូលរួមពិធីទទួលទានអាហារពេលល្ងាច រៀបចំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហុង (Le Minh Hung) ផងដែរ។ គួររំឭកថា ដំណើរទស្សនកិច្ចនៅរដ្ឋធានីហាណូយរបស់លោក អនុទីន ធ្វើឡើងមិនដល់២សប្តាហ៍ផង បន្ទាប់ពីលោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែឧសភា ឆ្នាំ២០២៦៕



