ចិន-កូរ៉េខាងជើង រឹតចំណងមិត្តភាពដែកថែប៖ ស៊ី ជិនពីង ប្តេជ្ញាបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីជាមួយលោក គីម ជុងអ៊ុន
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានប្រកាសថា វាគឺជាគោលនយោបាយដ៏រឹងមាំមិនអាចកែប្រែបានរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសជិតខាងទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលអនុត្តរភាព ក៏ដូចជាការប៉ុនប៉ងនានាក្នុងការរស់ឡើងវិញនៃលទ្ធិយោធានិយម...។

លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង
លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង

ការថ្លែងបែបនេះ ត្រូវបានចុះផ្សាយនៅក្នុងកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃទី៨ ខែមិថុនានេះ ស្របពេលលោក ស៊ី ជិនពីង ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទដដែលនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ក្នុងគោលបំណងទាញរដ្ឋធានីព្យុងយ៉ាង ឱ្យត្រឡប់មកក្នុងរង្វង់ឥទ្ធិពលរបស់រដ្ឋធានីប៉េកាំងវិញ។ លោក ស៊ី បានថ្លែងច្បាស់ៗថា៖«យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព របបផ្តាច់ការ និងរាល់ការប៉ុនប៉ង ក៏ដូចជាល្បិចកលទាំងហ្លាយណា ដែលចង់ឱ្យលទ្ធិយោធានិយមរស់ឡើងវិញ ដែលវានឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។ ជាមួយគ្នា លោក ស៊ី ជិនពីង ក៏បានប្តេជ្ញាចិត្តពង្រឹងការផ្លាស់ប្ដូរលើគ្រប់វិស័យ ដើម្បីការពារសណ្តាប់ធ្នាប់សកលលោក ប្រកបដោយយុត្តិធម៌ និងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ក្នុងការកសាងសហគមន៍វាសនារួមគ្នារបស់មនុស្សជាតិ។ 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន លោក ស៊ី ជិនពីង ធ្លាប់បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោក គីម ជុងអ៊ុន (Kim Jong Un) និងមេដឹកនាំដទៃទៀត នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយនៅរដ្ឋធានីប៉េកាំង ដែលកាលណោះ លោកបានឈរទន្ទឹមគ្នាជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ផងដែរ។ ចាប់តាំងពីពេលនោះមក រដ្ឋធានីព្យុងយ៉ាង បានចាប់ផ្តើមបើកដំណើរការឡើងវិញនូវការឆ្លងកាត់ព្រំដែនជាមួយចិន និងបានបង្កើនការផ្លាស់ប្ដូររវាងគ្នាទៅវិញទៅមក បន្ទាប់ពីទំនាក់ទំនងទាំងនេះ ត្រូវបានកកស្ទះ និងបិទជិតទាំងស្រុងក្នុងអំឡុងពេលមានវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត