ស៊ី ជីនពីង ប្រកាសបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានផ្ញើសារលិខិតថ្លែងអំណរគុណជាផ្លូវការមួយទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបានប្រកាសថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូលដល់ «ដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយ» យ៉ាងពិតប្រាកដ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅរដ្ឋធានីព្យុងយ៉ាង។

លោក ស៊ី ជិនភីង (Xi Jinping) និងលោក គីម ជុងអ៊ុន (Kim Jong Un)
លោក ស៊ី ជិនភីង (Xi Jinping) និងលោក គីម ជុងអ៊ុន (Kim Jong Un)

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមរួម និងបានសម្រេចនូវ «កិច្ចព្រមព្រៀងឯកច្ឆន្ទរួមគ្នា ដ៏មានសារសំខាន់ជាច្រើន» ក្នុងគោលបំណងរួមចំណែកការពារសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងទូទាំងសកលលោក។ នៅក្នុងជំនួបកំពូលនោះ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែធំជាងមុន ទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ អ្វីដែលជាចំណុចពិសេសនោះ គឺប្រទេសទាំងពីរនឹងជំរុញការងារជាក់ស្តែងរួមគ្នា លើវិស័យសំខាន់ៗដូចជា កសិកម្ម បច្ចេកវិទ្យា និងការដ្ឋានសំណង់

ក្រៅពីនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន ក៏បានបង្ហាញថា ភាគីទាំងពីរនឹងចាប់ផ្តើមបើកច្រកព្រំដែនឡើងវិញឱ្យបានពេញលេញ ព្រមទាំងបន្តឱ្យមានជើងហោះហើរ និងខ្សែរថភ្លើងដឹកអ្នកដំណើរអន្តរជាតិឡើងវិញ បន្ទាប់ពីបានខកខានអស់មួយរយៈពេលធំ។ លោក ស៊ី ជិនពីង បានបញ្ជាក់ច្បាស់ៗថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជិតស្និទ្ធជាមួយលោក គីម ជុងអ៊ុន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត