
រដ្ឋធានីព្យុងយ៉ាង៖ លោកស្រី គីម យូជុង (Kim Yo Jong) ជាប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានចេញមុខប្រកាសក្ដៅៗ នៅថ្ងៃទី៧មិថុនានេះ ថា កូរ៉េខាងជើង នឹងមិនដកថយសូម្បីមួយជំហានឡើយ ចំពោះឋានៈជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ ហើយរដ្ឋធានីព្យុងយ៉ាង នឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយឡើយ...។

សេចក្តីថ្លែងការណ៍តបតការទូតនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មុនលោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង នាថ្ងៃចន្ទស្អែកនេះ ដើម្បីបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាលើកដំបូងក្នុងរយៈពេលជិត៧ឆ្នាំ។ លោកស្រី គីម យូជុង បានវាយបកចំៗទៅលើការអះអាងរបស់សហរដ្ឋអាម៉េរិក ថា លោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាលើគោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាលពីជំនួបកំពូលខែឧសភា ដោយលោកស្រីចាត់ទុកការលើកឡើងរបស់សហរដ្ឋអាម៉េរិកថា ជា«រឿងមិនពិតទាំងស្រុង»។ លោកស្រីបានសង្កត់ធ្ងន់ថា៖«នយោបាយពង្រឹងកម្លាំងទប់ទល់សង្រ្គាមនុយក្លេអ៊ែរការពារខ្លួន ដែលប្រកាសដោយប្រមុខរដ្ឋ គឺជាសេចក្តីសន្និដ្ឋានចុងក្រោយ និងមិនអាចកែប្រែបាន ដែលត្រូវតែអនុវត្តដោយគ្មានលក្ខខណ្ឌ»។

ស្របពេលជាមួយគ្នា ស្ថានភាពយោធានៅក្នុងប្រទេសកាន់តែឡើងកម្ដៅ ដោយសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ថា លោក គីម ជុងអ៊ុន ទើបតែបានចុះពិនិត្យរោងចក្រផលិតគ្រាប់យុទ្ធភណ្ឌដ៏ធំមួយ និងបានចេញបញ្ជាដាច់ណាត់ឱ្យបង្កើនសមត្ថភាពផលិតមីស៊ីលរបស់ប្រទេសរហូតដល់២,៥ដង ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំណាត់ការសាច់ដុំយោធានេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងទើបតែបានបើកបង្ហាញរោងចក្រផលិតសម្ភារនុយក្លេអ៊ែរថ្មីមួយ កាលពីដើមសប្តាហ៍។ ក្រុមអ្នកវិភាគវាយតម្លៃថា ការបង្ហាញទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូមថ្មី និងការបង្កើនវាយលុកផ្នែកសព្វាវុធនៅពេលនេះ គឺធ្វើឡើងក្នុងយុទ្ធសាស្ត្រនយោបាយ ដើម្បីបង្កើនទម្ងន់ និងអំណាចចរចារបស់កូរ៉េខាងជើង មុនពេលបើកតុពិភាក្សាកំពូលជាមួយលោក ស៊ី ជិនពីង ក៏ដូចជាបង្កើតលេសស្របច្បាប់ ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍អាវុធអាតូមិករបស់ខ្លួន៕



