
រាជធានីបាងកក៖ តុលាការថៃ បានសម្រេចផ្តន្ទាទោសប្រហារជីវិតលើបុរសជនជាតិអ៊ុយហ្គ័រពីររូប មកពីតំបន់ស៊ីនជាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមិថុនានេះ ជុំវិញការជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែក នៅកណ្តាលរាជធានីបាងកក កាលពីឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្ស២០នាក់ និងបង្កឱ្យរបួសជាង១២០នាក់...។

ហេតុការណ៍ផ្ទុះអាវុធដ៏រន្ធត់នោះ បានកើតឡើងនៅវិហារអេរ៉ាវ៉ាន់ (Erawan Shrine) ជាទីតាំងទេសចរណ៍ដ៏ល្បីល្បាញមួយ ហើយក្នុងចំណោមអ្នកបាត់បង់ជីវិត មាន៥នាក់ជាជនជាតិចិនដីគោក និង២នាក់មកពីហុងកុង។ តុលាការបានបញ្ជាក់ថា សាលក្រមប្រហារជីវិតនេះ ធ្វើឡើងពីបទមនុស្សឃាតដោយគិតទុកជាមុន ខណៈមេធាវីការពារក្ដី បានប្រកាសថា នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ក្នុងរយៈពេលមួយខែ។

ទោះបីជាមិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកនេះក្ដី ប៉ុន្តែក្រុមអ្នកជំនាញសន្តិសុខ បានសន្និដ្ឋានថា វាជាសកម្មភាពសងសឹកប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលបានចាប់បង្ខំបញ្ជូនជនជាតិអ៊ុយហ្គ័រជាង១០០នាក់ ត្រឡប់ទៅប្រទេសចិនវិញ កាលពីខែមុនពេលកើតហេតុ។ ជនជាតិភាគតិចអ៊ុយហ្គ័រ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម តែងតែរត់ភៀសខ្លួនចេញពីប្រទេសចិន ដោយសារតែរងការធ្វើទុក្ខបុកម្នេញ និងការរឹតបន្តឹងសិទ្ធិសេរីភាពខាងសាសនា និងវប្បធម៌ពីសំណាក់រដ្ឋធានីប៉េកាំង ប៉ុន្តែរដ្ឋាភិបាលចិនតែងតែទាត់ចោលការចោទប្រកាន់ទាំងនេះ។

រឿងក្ដីដ៏ក្ដៅគគុកមួយនេះ បានអូសបន្លាយពេលអស់រយៈពេលជាង១០ឆ្នាំមកហើយ ទើបតែឈានដល់ការកាត់ទោសជាស្ថាពរ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុន រាជរដ្ឋាភិបាលថៃ បានបន្តបណ្តេញជនជាតិអ៊ុយហ្គ័រចំនួន៤០នាក់ផ្សេងទៀត ទៅឱ្យប្រទេសចិនវិញ ដែលទង្វើនេះបានរងការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ ដោយសារតែបារម្ភថា ពួកគេនឹងត្រូវប្រឈមមុខនឹងការធ្វើទារុណកម្ម និងគ្រោះថ្នាក់ដល់ជីវិត៕


