បុត្រីច្បងស្តេចថៃចូលទិវង្គតទាំងវ័យក្មេង បន្ទាប់ពីធ្វើជាមនុស្សរុក្ខជាតិអស់ជិត៤ឆ្នាំ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ ព្រះបរមរាជវាំងថៃ បានប្រកាសនៅថ្ងៃសុក្រទី១២ ខែមិថុនា ថា ម្ចាស់ក្សត្រី ភ័ជរកិតិយាភា នរេន្ទិរាទេពយវតី (พัชรกิติยาภา นเรนทิราเทพยวดี) ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាលង្ករ (มหาวชิราลงกรณ) បានចូលទិវង្គតក្នុងព្រះជន្ម៤៧វស្សា ក្រោយមានព្រះរោគាពាធធ្ងន់ធ្ងរ និងបានសន្លប់បាត់ស្មារតីអស់រយៈពេលជិត៤ឆ្នាំ។

ព្រះនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទ្រង់សន្លប់បាត់ស្មារតីភ្លាមៗ ដោយសារបញ្ហាព្រះទ័យ (ឬបេះដូង) អំឡុងពេលបំពេញព្រះរាជទស្សនកិច្ចនៅខេត្តនគររាជសីមា ភាគឦសាននៃប្រទេសថៃ។ បន្ទាប់មក ព្រះនាងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់រាជធានីបាងកក ដើម្បីទទួលការព្យាបាល។ សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងបានគូសបញ្ជាក់ថា ទ្រង់បានចូលទិវង្គត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ដោយសាររោគាពាធរុករានដុនដាបខ្លាំង រួមមាន៖ មេរោគក្នុងស្រោមពោះ រលាកពោះវៀនធំ សម្ពាធឈាមធ្លាក់ចុះ ចង្វាក់បេះមិនទៀងទាត់ និងបញ្ហាកំណកឈាម

ម្ចាស់ក្សត្រី ភ័ជរកិតិយាភា នរេន្ទិរាទេពយវតី ឬប្រជាជនថៃហៅថា «ព្រះនាង ប៉ា» គឺប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ ដោយទ្រង់ជាបុត្រីរបស់ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាលង្ករ និងព្រះមហេសីទីមួយ គឺព្រះនាង សោមសវលី (พระองค์เจ้าโสมสวลี)។ ទ្រង់បានសិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាម៉េរិក ដោយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បន្ទាប់មក ទ្រង់បានបំពេញការងារជាព្រះរាជអាជ្ញានៅការិយាល័យអគ្គព្រះរាជអាជ្ញាថៃ ចន្លោះឆ្នាំ២០០៦ និង២០១១។ ពីរឆ្នាំ២០១២ ដល់២០១៤ ព្រះនាងបានទទួលតំណែងជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអូទ្រីស ស្លូវេនី និងស្លូវ៉ាគី មុនពេលយាងត្រឡប់ទៅបម្រើការងារនៅការិយាល័យអគ្គព្រះរាជអាជ្ញានៅរាជធានីបាងកកវិញ។ សូមជម្រាបថា ទ្រង់គឺជាបុត្រមួយអង្គក្នុងចំណោមបុត្រទាំង៣​អង្គរបស់ព្រះមហាក្សត្រមហាវិជ្ជរ៉ាលង្ករ។ ជុំវិញការចូលទិវង្គតរបស់ព្រះនាង រាជរដ្ឋាភិបាលថៃ ប្រកាសកាន់ទុក្ខទូទាំងប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត