
ឥណ្ឌូណេស៊ី៖ ក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ អស់ឱកាសដណ្តើមយកពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026) ហើយ ក្រោយបរាជ័យ ០-៤ កាលពីយប់មិញនៅកីឡដ្ឋាន Utama Sumatera Utara នៅប្រទេសឥណ្ឌូណេស៊ី។ យ៉ាងណា នៅសល់ឱកាសចុងក្រោយមួយទៀត នោះការដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះ...។

ទម្រង់លេងពីរប្រកួតនៅវគ្គជម្រុះក្នុងពូល ក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ធ្វើបានល្អមែនទែន ពោលគឺបានទម្លាក់ក្រុមហ្វីលីពីនដោយលទ្ធផល ៣-០ និងបន្តលេងស្មើជាមួយក្រុមកង់គូរូអូស្ត្រាលី ២-២ ឡើងមកជួបក្រុមអាយុក្រោម១៩ឆ្នាំថៃ កាលពីម្សិលមិញ គឺបរាជ័យយ៉ាងធ្ងន់ធ្ងរតែម្ដង ហើយត្រូវបាត់បង់កីឡាករល្អម្នាក់គឺ កីឡាករ នឿម អូវ៉ាន់ដា បន្ទាប់ពីបង្កកំហុសដោយអចេតនាតែត្រូវលោកអាជ្ញាកណ្ដាលពិន័យកាតក្រហម។ ទម្រង់លេងរបស់ក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ តទល់ជាមួយក្រុមដំរីសឹកថៃ ពិតជាធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចំណែក គុណផលនៃការបញ្ចប់ទី ការអូសបាល់ទៅកាន់មុខទីរបស់គូប្រកួត ក្រុមគោព្រៃវ័យជំទង់កម្ពុជា ធ្វើមិនបានល្អសោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគោព្រៃវ័យជំទង់កម្ពុជា នៅសល់ឱកាសចុងក្រោយមួយទៀត នោះគឺការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦។ ក្រុមឥន្ទ្រីចំពុះដែកឥណ្ឌូណេស៊ី អាយុក្រោម១៩ឆ្នាំ គឺជាក្រុមខ្លាំងមួយដែលសូម្បីតែក្រុមកង់គូរូអូស្ត្រាលីដ៏ខ្លាំងបំផុតនៃព្រឹត្តិការណ៍នេះ ក៏អាចយកឈ្នះត្រឹមតែ ១-០ ប៉ុណ្ណោះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះ សម្រាប់ការដណ្តើមយកចំណាត់ថ្នាក់លេខ៣របស់ក្រុមគោព្រៃវ័យជំទង់កម្ពុជា អាចនឹងជួបផលវិបាកជាថ្មីម្ដងទៀត ដ្បិតមាឌក្រុមឥន្ទ្រីចំពុះដែកឥណ្ឌូណេស៊ី ធំៗមិនចាញ់ក្រុមអូស្ត្រាលីឡើយ៕



