
ក្រុងច្បារមន៖ សម្ភារសង្គ្រោះបឋមដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា ត្រូវបានមន្រ្តីនៃក្រសួងបរិស្ថាន យកមកប្រគល់ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១មិថុនា ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរ..។

មន្រ្តីបរិស្ថាន បានឱ្យដឹងថា សម្ភារដែលសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ដល់ជូននោះរួមមាន៖ ស្នែងសម្រាប់សង្គ្រោះ និងបញ្ជូនអ្នករបួស (ហ្វ្រង់ការ) ចំនួន២ កាបូបផ្ទុកបរិក្ខារ និងថ្នាំពេទ្យសង្គ្រោះបឋម (First Aid Kits) ចំនួន៥ឈុត។ កំលុងពេលនៃការប្រគល់ជូននោះដែរ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានណែនាំ ក៏ដូចជាបង្ហាញពីសម្ភារនីមួយៗដល់ប្រជាសហគមន៍ និងគូសបញ្ជាក់ថា សម្ភារទាំងនេះ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះបន្ទាន់ផ្សេងៗ កំលុងពេលនាំភ្ញៀវទេសចរកម្សាន្តនៅក្នុងតំបន់។

ជាមួយគ្នា សមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានសម្ដែងនូវសេចក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចនាយករដ្ឋមន្ត្រី និងស្ត្រីទី១នៃកម្ពុជា ដែលតែងគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សហគមន៍ប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់សម្ភារសង្គ្រោះទាំងនេះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ សហគមន៍បានលើកទ្បើងថា ការផ្ដល់នូវអាគារ និងហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងខ្នងផ្សារ គឺជាការផ្ដល់នូវដង្ហើមសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សហគមន៍ និងបានប្រែក្លាយតំបន់ដាច់ស្រយាលខ្នងផ្សារ ឱ្យទៅជាគោលដៅលំហែបៃតងយ៉ាងពេញនិយមរបស់ភ្ញៀវទេសចរក្នុងស្រុក-ក្រៅស្រុក៕





