
ឥណ្ឌូណេស៊ី៖ ចូលរួមសោកស្ដាយ ក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានរងបរាជ័យ ក្រោមថ្វីជើងក្រុមដំរីសឹកថៃ អាយុក្រោម១៩ឆ្នាំ ៤-០ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026) នៅកីឡដ្ឋាន Utama Sumatera Utara នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុមគោព្រៃវ័យជំទង់កម្ពុជា បានព្យាយាមដាក់ការគាបសង្កត់នៅដើមតង់ទី១ ទៅលើក្រុមដំរីសឹកថៃ ប៉ុន្តែនៅនាទី៣២' កីឡាករខ្សែប្រយុទ្ធថៃ ពាក់អាវលេខ១១ ណាតៈគិត ផុសស្រ៊ី (Natthakit Phosri) បានស៊ុតបញ្ចូលទីនាំមុខក្រុមគោព្រៃកម្ពុជា១គ្រាប់ និងនៅនាទី៤៥'+១ និងកីឡាករខ្សែបម្រើប្រយុទ្ធ អ៊ីតធីមន្ត ទីផានិត ពាក់អាវលេខ៧ (Itthimon Tippanet) បានស៊ុតបាល់គ្រាប់ទី២ បន្ថែមមួយគ្រាប់ទៀត មុនបិទបញ្ចប់វគ្គទី១ ធ្វើឱ្យក្រុមដំរីសឹកថៃវ័យជំទង់ នាំមុខកម្ពុជាជាបណ្តោះអាសន្ន ២-០។

យ៉ាងណា ក្រុមគោព្រៃវ័យជំទង់កម្ពុជា នៅសល់ឱកាស៤៥នាទីក្នុងវគ្គទី២បន្តទៀត ប៉ុន្តែគួរឱ្យស្ដាយ ក្រុមគោព្រៃវ័យជំទង់កម្ពុជា ទទួលបានកាតក្រហមនៅនាទី៥៨' បន្ទាប់ពីកីឡាករ នឿម អូវ៉ាន់ដា បង្កកំហុសដោយអចេតនា តែត្រូវលោកអាជ្ញាកណ្ដាលពិន័យកាតក្រហមចេញពីការប្រកួត ឱ្យក្រុមគោព្រៃសល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ។ ក្រុមដំរីសឹកវ័យជំទង់ថៃ បានបន្ថែមគ្រាប់នៅនាទី៨០' ដោយកីឡាករខ្សែបម្រើប្រយុទ្ធ អ៊ីតធីមន្ត ទីផានិត ដែលជាគ្រាប់បាល់ទី៣ ធ្វើឱ្យក្រុមដំរីសឹកថៃ បន្តនាំមុខក្រុមគោព្រៃវ័យជំទង់កម្ពុជា ៣-០ ខណៈនៅនាទី៨៨' ក្រុមកម្ពុជាបានភ្លាត់ទាត់បញ្ចូលទីខ្លួនឯង ធ្វើឱ្យចប់ការប្រកួត ក្រុមគោព្រៃវ័យជំទង់កម្ពុជា បរាជ័យក្នុងលទ្ធផល ០-៤ ជាមួយនឹងក្រុមដំរីសឹកថៃ៕




