
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹង នៅតំបន់ឆ្នេរនៃកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន មានគ្រោះរញ្ជួយដី បង្កឱ្យមនុស្ស១៥នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១១មិថុនា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកទុក្ខ…។

តាមរយៈសារលិខិតគូសបញ្ជាក់ថា៖«[..] ខ្ញុំសូមសម្ដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងក្ដីអាណិតអាសូរជាពន់ពេក ជូនចំពោះ [លោក ហ្វូស្ទីណូ បូជីឌីទី៣ ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន] និង[តាមរយៈលោក] ជូនចំពោះក្រុមគ្រួសារនៃសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលទទួលរងគ្រោះថ្នាក់ ក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ[..]»។ សារលិខិតបន្ថែមថា ក្នុងគ្រាលំបាកនេះ ឈរលើស្មារតីនៃសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលហ្វីលីពីន ប្រធានរដ្ឋសភាកម្ពុជា សូមជូនពរដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ សូមទទួលបាននូវសេចក្ដីសុខ ក៏ដូចជាមកដូចដើមវិញ។

សូមជម្រាបថា កាលពីថ្ងៃចន្ទទី៨ ខែមិថុនាកន្លងទៅ ប្រទេសហ្វីលីពីន មានគ្រោះរញ្ជួយដី៧,៨រ៉ិចទ័រ ក្នុងជម្រៅដី១០គីឡូម៉ែត្រ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ជាប្រទេសដែលស្ថិតនៅក្នុងតំបន់សកម្មភាពភូមិសាស្ត្រដ៏ស្មុគស្មាញនៃ«ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក» ជាខ្សែក្រវាត់រញ្ជួយដីយ៉ាងសកម្ម លាតសន្ធឹងតាំងពីអាម៉េរិកខាងត្បូង រហូតដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕




