
រាជធានីភ្នំពេញ៖ ម្ចាស់ទីតាំងឃ្លាំងយីហោ «ភុត ប៊ុនហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ត្រូវសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរ ក្រោយរកឃើញថា បាននាំចូលសាច់បង្កកមានប្រភពមកពីប្រទេសថៃ...។

របាយការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គូសបញ្ជាក់យ៉ាងដូច្នេះថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក និងផលិតផលពីប្រទេសថៃចំនួន៥។ តាមរយៈការស្រាវជ្រាវ ក្រុមការងាររកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុនហម» ដែលបាននាំយកសាច់បង្កក និងផលិតផលមួយចំនួនពីប្រទេសថៃ។

បច្ចុប្បន្ន ម្ចាស់ទីតាំងដែលបាននាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។ ជាមួយគ្នា លោក ឃួង ស្រេង បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក-លោកស្រីអភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលសង្ស័យថា អាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់៕









