
រាជធានីភ្នំពេញ៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានស្នើសុំកិច្ចសហការពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ សូមចូលរួមជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ នូវសកម្មភាពខុសច្បាប់របស់ក្រុមឧក្រិដ្ឋជន ដែលឆបោកក្រោមរូបភាពនៃការវិនិយោគផ្សេងៗ…។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅសាលាខេត្តព្រៃវែង លោក ស៊ូ សុជាតិ មានប្រសាសន៍ថា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ ឧក្រិដ្ឋជនបានឆក់ឱកាសប្រើឧបាយកលផ្សេងៗ និងបានបង្កើតជាបន្តបន្ទាប់ឥតដាច់នូវក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រ ដើម្បីឱ្យប្រជាពលរដ្ឋជឿ និងអាចជ្រុលខ្លួនចាញ់បោកក្លាយជាជនរងគ្រោះដាក់ប្រាក់ឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការបង្ក្រាប និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីប្រទេសកម្ពុជា ហើយទើបបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីការប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល លោកបានស្នើសុំកិច្ចសហការពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធក្នុងដែនសមត្ថកិច្ចទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់បងប្អូនសាច់ញាតិ និងមិត្តភក្តិ ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់នូវសកម្មភាពខុសច្បាប់ ដោយគួរគប្បីពិនិត្យឱ្យច្បាស់ជាមុន ហើយវិនិយោគជាមួយតែក្រុមហ៊ុនណា ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត និងវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាន។

លើសពីនេះ ត្រូវរួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការកៀរគរ និងការប្រមូលមូលនិធិពីសាធារណជនក្រោមរូបភាពវិនិយោគផ្សេងៗដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ដែលជាសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិ៕



