
រាជធានីភ្នំពេញ៖ ទីផ្សារមូលបត្រកំពុងដំណើរការយ៉ាងរលូនក្រោមការគ្រប់គ្រងរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងមានការចូលរួមអភិវឌ្ឍយ៉ាងពេញទំហឹងពីសំណាក់សមាជិក និងអ្នកចូលរួមក្នុងទីផ្សារ ដោយគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិននៅក្នុងទីផ្សារ មានចំនួនសរុប៥១៧៧១វិនិយោគិន និងមានគណនីជួញដូរសរុបចំនួន៥៣៧១២គណនី។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់អ្នកចូលក្នុងទីផ្សារមូលបត្រ ប្រចាំឆ្នាំ២០២៤ នាថ្ងៃទី២៩សីហា ឆ្នាំ២០២៤ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានឱ្យដឹងថា មកទល់បច្ចុប្បន្នមានភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) ចំនួន ៧, ភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ផ្ទេរមូលបត្រ ភ្នាក់ងារទូទាត់ (RTP) ចំនួន ៣ និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) ចំនួន១ ហើយ ន.ម.ក. បានផ្តល់ការទទួលស្គាល់ជាគោលការណ៍ និងកំពុងបន្តនីតិវិធីផ្តល់ការទទួល ស្គាល់ជាផ្លូវការដល់ភ្នាក់ងារ CSA ចំនួន ១, RTP ចំនួន ១ និង Custodian ចំនួន ១ផងដែរ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុនបោះផ្សាយបានប្រមូលទុនពីទីផ្សារជាដុំកំភួនប្រមាណ៣៨៩លានដុល្លារអាម៉េរិក និងតាមការសង្កេតលើរំហូរសាច់ប្រាក់ជួញដូរសរុបជាង៥០លានដុល្លារអាម៉េរិក ព្រមទាំងទំហំជួញដូរសរុបប្រហែល៣២លានភាគហ៊ុន ក្រោមការជួញដូរជាមធ្យមប្រចាំថ្ងៃប្រហែល១៣ម៉ឺនភាគហ៊ុន ដែលមានតម្លៃប្រហែល០.២លានដុល្លារអាម៉េរិក។ យ៉ាងណាមិញ សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីតួនាទី និងកាតព្វកិច្ចរបស់ភ្នាក់ងារ CSA RTP និងCustodian ក្នុងគោលដៅលើកកម្ពស់សមត្ថភាពបុគ្គលិករបស់ភ្នាក់ងារទាំងអស់ក្រោមឱវាទ ន.ម.ក. ដោយផ្តោតទៅ លើការពង្រឹងសមត្ថភាពចំនួន០២ គឺ៖ ទី១.ពង្រឹងនូវការអនុវត្តកាតព្វកិច្ចផ្នែកច្បាប់បទប្បញ្ញត្តិ។ និងទី២. ពង្រឹងនូវការ អនុវត្តមុខងារ និងតួនាទីរបស់ភ្នាក់ងារទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ លោកប្រតិភូក៏បានលើកទឹកចិត្តដល់នាយកដ្ឋានជំនាញរៀបចំសិក្ខាសាលាជាប្រចាំឆ្នាំដល់អ្នកចូលរួមក្នុងទីផ្សារ នៅឆ្នាំក្រោយៗទៀត នឹងដាក់ចេញនូវគម្រោងថ្មីៗ រួមមាន៖ ផ្តល់ជាបណ្ណសរសើរដល់ភ្នាក់ងារល្អជាងគេ (Best Performance Agent) ដែលមានដំណើរការប្រតិបត្តិការអាជីវកម្ម និងការអនុវត្តកាតព្វកិច្ចល្អ, រៀបចំឱ្យមានវេទិកាពិភាក្សាចែករំលែករបស់ភ្នាក់ងារល្អជាងគេ និងពិនិត្យលទ្ធភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ក្នុងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងភ្នាក់ងារទាំងអស់ផងដែរ៕






