នាយករដ្ឋមន្ត្រីថៃ ត្រៀមហោះទៅហាណូយ រឹតចំណងយុទ្ធសាស្ត្រជាមួយវៀតណាម
N
Nary Vann
3 ម៉ោងមុន

រាជធានីបាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសជាផ្លូវការថា លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនាខាងមុខ តបតាមការអញ្ជើញរបស់មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (Tô Lâm) ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។

លោក អានុទីន ឆានវីរគុល និងលោក​ តូ ឡឹម
លោក អានុទីន ឆានវីរគុល និងលោក​ តូ ឡឹម

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ធ្វើឡើងបន្ទាប់ពីភាពជោគជ័យនៃដង្ហើមការទូតកាលពីសប្តាហ៍មុន ដែលកាលណោះ លោក តូ ឡឹម បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ និងបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅក្នុងបរិយាកាសវិជ្ជមាន បង្ហាញពីតួនាទីជាសមាជិកគន្លឹះ និងជាសសរស្តម្ភដ៏មានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន (ASEAN)។

ជាផ្លែផ្កានៃការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងគ្នាដំឡើងគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់២៥ពាន់លានដុល្លារអាម៉េរិក។ ក្រៅពីផ្នែកសេដ្ឋកិច្ច ដំណើរទស្សនកិច្ចរបស់លោក អានុទីន ទៅកាន់រដ្ឋធានីហាណូយនៅសប្តាហ៍ក្រោយ នឹងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់នៃការកសាងយុទ្ធសាស្ត្រពង្រីកការវិនិយោគ ថាមពល សន្តិសុខស្បៀង ព្រមទាំងការរួមដៃគ្នាយ៉ាងម៉ត់ចត់ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត