
ក្រុងសិរីសោភ័ណ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រការស្វែងរកម្ចាស់ម៉ូតូ២២គ្រឿង ក្រោយប្រទះឃើញក្នុងផ្ទះថ្មមួយកន្លែង នៅចំណុចខាងក្រោយវត្តផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម...។

របាយការណ៍ពីមន្ត្រីជំនាញកងរាជអាវុធ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គូសបញ្ជាក់យ៉ាងដូច្នេះថា កាលពីពេលកន្លងទៅ មានពលរដ្ឋរងគ្រោះម្នាក់ បានដាក់ពាក្យបណ្ដឹងមកកាន់កម្លាំងជំនាញ ពាក់ព័ន្ធករណីបាត់ម៉ូតូមួយគ្រឿងម៉ាក YAMAHA NMAX ពណ៌ក្រហម គ្មានស្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវតាមរយៈGPS របស់ម៉ូតូជនរងគ្រោះ រហូតដល់ចំណុចផ្ទះថ្មមួយកន្លែង។ ដោយមានការសង្ស័យ កម្លាំងបានមើលតាមប្រហោងទ្វារផ្នែកខាងលើ ប្រទះឃើញមានម៉ូតូជាច្រើនគ្រឿងនៅក្នុងផ្ទះនោះ។

ជាមួយគ្នា ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានកាត់សោផ្ទះចូល ប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ រួមនឹងម៉ូតូចំនួន២២គ្រឿងផ្សេងទៀត សរុបចំនួន២៣គ្រឿង យកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។ ទន្ទឹមនោះ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ម៉ូតូទាំង២២គ្រឿងដែលបានបាត់ បើសង្ស័យថា ជារបស់ខ្លួន សូមធ្វើការទំនាក់ទំនងមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធម៉ូតូ ដើម្បីធ្វើការផ្ទៀផ្ទាត់ បើពិតជារបស់បងប្អូនពិតប្រាកដមែន កម្លាំងជំនាញនឹងធ្វើការប្រគល់ជូនបងប្អូនវិញតែម្ដង៕



