លុយចំណាយលើនុយក្លេអ៊ែរ១ឆ្នាំ អាចចិញ្ចឹម UN បាន៣២ឆ្នាំ
ហៀប ស៊ីថេត
9 ម៉ោងមុន

សកល៖ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំង៩ បានចំណាយថវិកាជិត១១៩ពាន់លាន់ដុល្លារអាម៉េរិក លើដង្ហើមអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥ ក្នុងនោះសហរដ្ឋអាម៉េរិកបានចំណាយច្រើនជាងបណ្តាប្រទេសផ្សេងទៀតទាំង៨ បូកបញ្ចូលគ្នាទៅទៀត ខណៈថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចចិញ្ចឹមអង្គការសហប្រជាជាតិបាន៣២ឆ្នាំឯណោះ...។

ការចំណាយជាសកលលើអាវុធនុយក្លេអ៊ែរ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៥ ខណៈរដ្ឋមានអាវុធនុយក្លេអ៊ែរទាំង៩នៅលើលោក បានបង្កើនការចំណាយរួមគ្នារបស់ពួកគេរហូតដល់ជិត១១៩ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អង្គការយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬហៅកាត់ថា ICAN។ ប្រទេសទាំង៩នោះ រួមមាន៖ សហរដ្ឋអាម៉េរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង។ អង្គការ ICAN បានបញ្ជាក់ថា ការចំណាយលើអាវុធនុយក្លេអ៊ែររួមគ្នារបស់ពួកគេ បានកើនឡើងចំនួន១៦,៨ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង១៩ភាគរយបើធៀបនឹងឆ្នាំ២០២៤ នេះឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងគំហុក នៃការវិនិយោគលើឃ្លាំងអាវុធនុយក្លេអ៊ែរ ចំពេលភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោក កាន់តែស្មុគស្មាញ និងផុយស្រួយ។

សហរដ្ឋអាម៉េរិកនៅតែគ្រងខ្សែក្រវាត់ខ្មៅ ក្នុងនាមជាប្រទេសចំណាយច្រើនជាងគេបំផុតនៅលើពិភពលោក ដោយបានជះថវិកាចំនួន៦៩,២ពាន់លានដុល្លារអាម៉េរិកសម្រាប់ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥។ ចំនួននេះ គឺច្រើនជាងការចំណាយរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំង៨ផ្សេងទៀត បូកបញ្ចូលគ្នា។ ជាងនេះទៅទៀត សហរដ្ឋអាម៉េរិក ក៏បានកត់ត្រានូវការកើនឡើងប្រចាំឆ្នាំធំបំផុតផងដែរ ដោយការចំណាយបានកើនឡើងចំនួន១២,៤ពាន់លានដុល្លារអាម៉េរិក ឬ២២ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ចិនជាប់ចំណាត់ថ្នាក់លេខ២ ដោយបានចំណាយថវិកាចំនួន ១៣,៥ពាន់លានដុល្លារអាម៉េរិកលើអាវុធនុយក្លេអ៊ែរ ខណៈចក្រភពអង់គ្លេស បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការចំណាយចំនួន១២,៦ពាន់លានដុល្លារអាម៉េរិក។ ចំណែកឯប្រទេសរុស្ស៊ី បានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ៤ ដោយការចំណាយត្រូវបានប៉ាន់ប្រមាណថា មានចំនួន៩,៥ពាន់លានដុល្លារអាម៉េរិក

ICAN បានអះអាងថា ការចំណាយលើអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក ត្រឹមតែ១ថ្ងៃ ក្នុងឆ្នាំ២០២៥ គឺអាចផ្តល់មូលនិធិជាអាហារសម្រាប់មនុស្សចំនួន២លាននាក់ បានពេញមួយឆ្នាំ។ លើសពីនេះ ICAN ក៏បានប៉ាន់ប្រមាណផងដែរថា ការចំណាយលើអាវុធនុយក្លេអ៊ែរពេញមួយឆ្នាំ អាចគ្របដណ្ដប់លើកញ្ចប់ថវិកាធម្មតារបស់អង្គការសហប្រជាជាតិ បានរហូតដល់ទៅ៣២ឆ្នាំ។ តួលេខទាំងនេះ បានស្តែងឱ្យឃើញថា អាវុធនុយក្លេអ៊ែរនៅបន្តក្តោបក្តាប់ធនធានរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ បើទោះបីជារដ្ឋាភិបាលនានា កំពុងប្រឈមមុខនឹងសម្ពាធក្នុងការផ្ដល់មូលនិធិសម្រាប់តម្រូវការមនុស្សធម៌ សេវាសាធារណៈ និងស្ថាប័នអន្តរជាតិនានាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត