រុស្ស៊ីបញ្ចេញកម្លាំងទ័ព៦ម៉ឺននាក់ បើកសមយុទ្ធនុយក្លេអ៊ែរអង្រួនពិភពលោក រយៈពេល៣ថ្ងៃជាប់គ្នា
N
Nary Vann
17 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសរុស្ស៊ីចាប់ផ្ដើមបើកធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារទី១៩ ខែឧសភានេះតទៅ ដោយនៅក្នុងសមយុទ្ធនេះ នឹងមានការបាញ់សាកល្បងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់ទិសផងដែរ។ សមយុទ្ធដ៏ធំនេះ មានគោលបំណងហ្វឹកហាត់រួមគ្នាលើ «ការរៀបចំ និងការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពានណាមួយពីសត្រូវ»...

យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិ នៅក្នុងព្រឹត្តិការណ៍ល្បែងសង្គ្រាមដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មានការចូលរួមពីកងទ័ព និងបុគ្គលិកយោធាសរុបចំនួន៦៤០០០នាក់ ព្រមទាំងគ្រឿងបរិក្ខារយោធាចំនួន៧៨០០គ្រឿង។ បន្ថែមពីលើនេះ អាវុធធុនធ្ងន់ជាច្រើនប្រភេទត្រូវបានដាក់ពង្រាយ រួមមាន៖ ជើងទម្របាញ់មីស៊ីលជាង២០០គ្រឿង, យន្តហោះចម្បាំង១៤០គ្រឿង, នាវាចម្បាំងលើផ្ទៃទឹក៧៣គ្រឿង និងនាវាមុជទឹក១៣គ្រឿង ក្នុងនោះមាននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រចំនួន៨គ្រឿង។ កងកម្លាំងដែលត្រូវបំពេញភារកិច្ចក្នុងសមយុទ្ធនេះ រួមមាន៖ កងកម្លាំងរ៉ុក្កែតរុស្ស៊ី, កងនាវាភាគខាងជើង និងប៉ាស៊ីហ្វិក, ក្រុមយន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយ ព្រមទាំងអង្គភាពយោធាមកពីតំបន់ Leningrad និងតំបន់កណ្តាល។  

បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា សមយុទ្ធនេះ ក៏នឹងរួមបញ្ចូលទាំងការហ្វឹកហ្វឺនអំពីរបៀបប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលត្រូវបានយកទៅដាក់ពង្រាយនៅក្នុងប្រទេសជិតខាងបេឡារុស កាលពីពេលថ្មីៗផងដែរ។ ការចល័តទ័ព និងអាវុធមហាបំផ្លាញទ្រង់ទ្រាយធំរបស់វិមានក្រឹមឡាំងនាពេលនេះ កំពុងធ្វើឱ្យស្ថានភាពសន្តិសុខទូទាំងតំបន់អឺរ៉ុប និងបក្សសម្ព័ន្ធណាតូ (NATO) ធ្លាក់ចូលក្នុងភាពតានតឹងកាន់តែខ្លាំងឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត