
សិង្ហបុរី៖ ដោយស្ថិតនៅចំណុចប្រសព្វនៃការកើនឡើងឥទ្ធិពលយោធាយ៉ាងឆាប់រហ័សរបស់ចិន និងភាពសង្ស័យកាន់តែខ្លាំងឡើង លើការយកចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិក ចំពោះតំបន់ដែលខ្លួនធ្លាប់តែគ្រប់គ្រង និងកាងអំណាចជាយូរមកហើយនោះ បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងប្រញាប់ប្រញាល់បំពាក់អាវុធឱ្យខ្លួនឯង ក៏ដូចជាបំពាក់អាវុធឱ្យគ្នាទៅវិញទៅមក។

នៅក្នុងវេទិកាការពារជាតិឈានមុខគេរបស់អាស៊ីសាំងហ្គ្រីឡា (Shangri-La) នាទឹកដីសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភេត ហេកសិត (Pete Hegseth) បានជំរុញឱ្យដៃគូក្នុងតំបន់ទទួលរ៉ាប់រងបន្ទុកសន្តិសុខឱ្យបានកាន់តែច្រើន។ លោកទទួលស្គាល់ថា អាទិភាពរបស់សហរដ្ឋអាម៉េរិក អាចនឹងកំពុងឃ្លាតឆ្ងាយ ដោយសារតែជម្លោះនៅប្រទេសអ៊ីរ៉ង់។ ទោះយ៉ាងណា លោកបញ្ជាក់ថា៖«យើងអាចធ្វើកិច្ចការ២ក្នុងពេលតែមួយបាន»។ សមភាគីជប៉ុនរបស់លោក គឺលោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក គឺមិនរង្គោះរង្គើឡើយ ខណៈប្រទេសមួយចំនួនប្រហែលជាអាចនៅតែវាយតម្លៃទាបចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក។

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រមុខការពារជាតិ និងមន្ត្រីយោធាក្នុងតំបន់ បានបញ្ជាក់យ៉ាងច្បាស់ថា ការជំរុញឱ្យធ្វើការងាររួមគ្នាឱ្យបានកាន់តែច្រើន ហួសពីឆ័ត្រការពារប្រពៃណីរបស់សហរដ្ឋអាម៉េរិក កំពុងតែដំណើរការហើយ។ ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) កត់សម្គាល់ថា៖«រដ្ឋមន្ត្រីការពារជាតិទាំងអស់ ដែលចូលរួមនៅទីនេះ (កិច្ចប្រជុំសាំងហ្គ្រីឡា) មានមតិឯកច្ឆន្ទលើតម្រូវការក្នុងការកែលម្អសមត្ថភាពការពារជាតិផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ ប្រកបដោយភាពរហ័សរហួន និងទាន់ចិត្ត។ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក កាន់តែមានភាពរឹងមាំ លើការគំរាមកំហែងរួមមួយ»។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបន្ថែមថា រដ្ឋធានីម៉ានីល កំពុងពង្រឹងចំណងមិត្តភាពការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយដៃគូនានា ដូចជា៖ ជប៉ុន អូស្ត្រាលី កាណាដា និងនូវែលសេឡង់ ខណៈប្រទេសកោះមួយនេះ កំពុងមើលមុខគ្នាមិនចំជាមួយរដ្ឋធានីប៉េកាំង ដែលទាមស្ទើរតែទាំងមូលនៃសមុទ្ទចិនខាងត្បូង។

កាលពីខែមេសា ជប៉ុនបានបង្ហាញពីកំណែទម្រង់ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍លើច្បាប់នៃការនាំចេញអាវុធការពារជាតិ ដោយបានលុបចោលការរឹតបន្តឹងលើការលក់អាវុធទៅក្រៅប្រទេស និងបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀត។ មេការពារជាតិជប៉ុន បានសង្កត់ធ្ងន់ថា៖«ជប៉ុននឹងកាន់តែសកម្មជាងមុន នៅក្នុងកិច្ចសហប្រតិបត្តិការលើបរិក្ខារការពារជាតិ។ គោលបំណងរបស់យើង គឺដើម្បីធានាថា ប្រទេសនីមួយៗមានសមត្ថភាពដែលខ្លួនត្រូវការ និងអាចយកមកប្រើប្រាស់បាននៅពេលចាំបាច់»។ ចំណែកឯ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក ចាន់ ជុនសិង្ហ (Chan Chun Sing) បានបន្ទរថា៖«នៅក្នុងបរិបទបច្ចុប្បន្ន យើងគួរតែ..អភិវឌ្ឍភាពជាដៃគូប្រកបដោយភាពបត់បែន ជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា ដើម្បីបង្កើតជាសម្ព័ន្ធភាពនៃអ្នកដែលមានសមត្ថភាព និងមានឆន្ទៈ ព្រោះវានឹងជួយបំពេញចន្លោះប្រហោង»។

អគ្គមេបញ្ជាការកងទ័ពការពារជាតិកាណាដា លោកស្រី ជេននី ការីហ្គណាន (Jennie Carignan) បានថ្លែងថា កងកម្លាំងរបស់លោកស្រី កំពុងពង្រីកវត្តមានរបស់ពួកគេនៅក្នុងតំបន់ ដោយសហការជាមួយជប៉ុន និងហ្វីលីពីន លើសន្តិសុខតាមអ៊ីនធើណិត ឬ Cybersecurity និងការធ្វើសមយុទ្ធជើងទឹក ព្រមទាំងជួយដល់សមភាគីឥណ្ឌូណេស៊ី លើការបណ្ដុះបណ្ដាលភាសាអង់គ្លេសផងដែរ។ លោកស្រីបានបន្តថា៖«មានការងារជាច្រើនដែលត្រូវធ្វើនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ហើយខ្ញុំគិតថានេះជាមូលហេតុដែលយើងកំពុងមើលឃើញពីការកើនឡើងនៃភាពជាដៃគូនៅគ្រប់ទិសទី»។ ចំណែកប្រទេសនូវែលហ្សេឡង់វិញ កំពុងពិចារណាលើចំណងមិត្តភាពកាន់តែជិតស្និទ្ធ និងគ្រឿងយុទ្ធោបករណ៍ថ្មីៗ ដោយរដ្ឋមន្ត្រីការពារជាតិ លោក គ្រីស ផេនឃ៍ (Chris Penk) បានបញ្ជាក់ថា រដ្ឋធានីវ៉ែលីងតុន កំពុងពិចារណាយ៉ាងល្អិតល្អន់លើនាវាចម្បាំងរបស់ជប៉ុន និងចក្រភពអង់គ្លេស ដើម្បីជំនួសនាវាចម្បាំងប្រភេទ ANZAC-class ដែលមានអាយុកាលចំណាស់របស់ខ្លួន។

ទោះបីជាបណ្តាប្រទេសក្នុងតំបន់កំពុងពង្រឹងទំនាក់ទំនង ក្នុងចំណោមពួកគេឱ្យកាន់តែស៊ីជម្រៅក៏ដោយ ប៉ុន្តែបណ្តារដ្ឋមន្រ្តីការពារជាតិបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនត្រូវបានកាត់បន្ថយដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ឬគោលនយោបាយសហរដ្ឋអាម៉េរិកមុនគេ (American First) របស់ប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។ សូមជម្រាបថា ប្រធានបទដ៏រស៊ើបបំផុតនៅក្នុងកិច្ចប្រជុំសាំងហ្គ្រីឡា នាឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឈានចូលដល់យុគសម័យស្វ័យភាពយុទ្ធសាស្ត្រ ដែលប្រទេសនីមួយៗលែងបណ្តោយព្រលឹងសន្តិសុខជាតិរបស់ខ្លួន ពឹងផ្អែកទាំងស្រុងលើមហាអំណាចណាមួយទៀតហើយ។ ការងើបឡើងនៃសាច់ដុំយោធាចិន និងភាពមិនទៀងទាត់នៃនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិក បានក្លាយជាកាតាលីករដ៏មានឥទ្ធិពល បង្ខំឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ប្រញាប់ប្រញាល់ពង្រឹងខែលការពារខ្លួនជាស្វ័យភាព និងសមូហភាព តាមរយៈការចងសម្ព័ន្ធភាពយោធាជាខ្នែងតូចៗ ដែលមានភាពបត់បែនខ្ពស់៕








