
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង ដោយសង្កត់ធ្ងន់លើគោលដៅដាច់ខាតក្នុងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។ ការប្រកាសជំហរនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតសម្ភារនុយក្លេអ៊ែរថ្មីមួយ និងបានប្រកាសពីការឈានមុខ លោតផ្លោះ នៃសមត្ថភាពអាវុធអាតូមិករបស់ខ្លួន...។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអះអាងផ្លូវការនៅថ្ងៃទី៥ ខែមិថុនានេះថា រដ្ឋធានីវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចសន្ទនា ទោះបីជាបច្ចុប្បន្ន រដ្ឋាភិបាលព្យុងយ៉ាង កំពុងបន្តពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងក៏ដោយ។ ចំណាត់ការការទូតរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ នៅពេលនេះ គឺដើម្បីព្យាយាមស្តារកិច្ចចរចាឡើងវិញ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា កូរ៉េខាងជើង កំពុងជំរុញល្បឿននៃការអភិវឌ្ឍអាវុធបំផ្លាញទ្រង់ទ្រាយធំ ស្របពេលការចរចាជាមួយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានគាំងជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមក។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមការ៉េ (KCNA) បានទម្លាយថា លោក គីម ជុងអ៊ុន បានទៅពិនិត្យគម្រោងផលិតសម្ភារនុយក្លេអ៊ែរថ្មី និងមានផែនការបង្កើនចំនួនឃ្លាំងអាវុធឱ្យបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងពិតប្រាកដ ឬសមត្ថភាពផលិតរបស់រោងចក្រនេះឡើយ។ លើសពីនេះ កាលពីខែកុម្ភៈ កូរ៉េខាងជើង ក៏ធ្លាប់បានប្រកាសជាថ្មីនៅក្នុងកិច្ចប្រជុំបក្សពលករថា ខ្លួនជា «រដ្ឋអាវុធនុយក្លេអ៊ែរ ដែលមិនអាចកែប្រែបាន» និងបានប្តេជ្ញាពង្រឹងកម្លាំងទប់ទល់ក្រោមផែនការអភិវឌ្ឍន៍យោធារយៈពេល៥ឆ្នាំរបស់ខ្លួន៕




