
ក្រុងច្បារមន៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យរកឃើញរោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. នៅជាប់ផ្លូវល្បឿនលឿន នៅខេត្តកំពង់ស្ពឺ បានបង្ហូរសំណល់រាវមិនសម្អាតបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាន...។

ការចុះពិនិត្យរោងចក្រខាងលើពីសំណាក់មន្រ្តីជំនាញ ធ្វើឡើងក្រោយមានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចម្ងាយប្រហែល៧០០ម៉ែត្រ ពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេស នៅរដូវវស្សា។ ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៤មីនាថា ក្រោយទទួលបានព័ត៌មាន ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យរោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath មានទីតាំងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ហើយបានរកឃើញរោងចក្រនេះដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រោយរកឃើញកំហុស មន្រ្តីជំនាញក្រសួងបរិស្ថាន បានចាត់វិធានការចាំបាច់ភ្លាមៗ ដោយបញ្ជាឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់, ត្រូវទទួលរងនូវពិន័យអន្តរការណ៍, ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញ នូវទីតាំងដែលទទួលរងការបំពុល។ លើសពីនេះត្រូវធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ, ត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន, ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ បូករួមទាំងការរៀបចំទីតាំងទុកដាក់សំណល់រឹងពីផលិតកម្មឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ដាច់ដោយឡែក៕






