វិបត្តិបំណុលកសិករថៃធ្លាក់ចូលរណ្តៅកាន់តែជ្រៅ អាចនឹងធ្វើឱ្យរាជរដ្ឋាភិបាលថ្មីរបស់អានុទីន រង្គោះរង្គើ
N
Nary Vann
17 ម៉ោងមុន

រាជធានីបាងកក៖ មិនទាន់ទាំងបានអង្គុយកៅអីនាយករដ្ឋមន្ត្រីក្ដៅសាច់ស្រួលបួលផង លោក អានុទីន ឆានវីរគុល ត្រូវប្រឈមមុខនឹងបញ្ហាក្ដៅដ៏ធំមួយ បន្ទាប់ពីរបាយការណ៍ស្រាវជ្រាវចុងក្រោយ បានលាតត្រដាងថា វិបត្តិបំណុលកសិករថៃ បានធ្លាក់ចុះដុនដាបដល់ចំណុចគ្រោះថ្នាក់បំផុតមួយ ដោយសារតែតម្លៃជី និងប្រេងឥន្ធនៈបានហក់ឡើងកប់ពពក ផ្ទុយស្រឡះពីតម្លៃស្រូវដែលដាំក្បាលចុះយ៉ាងគំហុក។ ស្ថានភាពដ៏ដុនដាបនេះ បាននិងកំពុងវាយប្រហារម្ចាស់សន្លឹកឆ្នោតតាមជនបទ ដែលធ្លាប់បានបោះឆ្នោតគាំទ្រគណបក្សរបស់លោកយ៉ាងគំហុក...។

លោក អានុទីន ឆានវីរគុល
លោក អានុទីន ឆានវីរគុល

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កសិករថៃជាងពាក់កណ្តាល(៥២ភាគរយ) ក្នុងចំណោមអ្នកខ្ចីប្រាក់ជិត៤លាននាក់ កំពុងជាប់អន្ទាក់បំណុលវ័ណ្ឌក ដែលគ្មានផ្លូវសងរួចរហូតអស់មួយជីវិត ដោយសារបច្ចុប្បន្ន ពួកគេមានលទ្ធភាពរកលុយបានត្រឹមតែបង់ថ្លៃការប្រាក់ប្រចាំខែប៉ុណ្ណោះ រីឯលុយដើមវិញ គឺនៅដដែល មិនថយមួយសេនឡើយ។ កសិករម្នាក់​ បានថ្ងូររៀបរាប់ទាំងទឹកភ្នែកថា «បើគេឈប់ឱ្យជំពាក់ថ្លៃជី ថ្លៃប្រេង គឺមានតែដេកចាំស្លាប់» ព្រោះមធ្យមភាគនៃបំណុលកសិករម្នាក់ៗ បានហក់ឡើងដល់ទៅជាង២៥០ ០០០បាត (ខ្ពស់ជាងគ្រួសារទូទៅដល់ទៅ៣ដង) ហើយកសិករខ្លះទៀតជំពាក់រហូតដល់ជាង១លានបាតក៏មាន។ ទន្ទឹមនោះ «វប្បធម៌បង់តែការប្រាក់» បានកើនឡើងពី២០ភាគរយ ទៅដល់ជាង៥០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយ ដែលនេះមានន័យថា ទោះបីជាពួកគាត់ខំប្រឹងធ្វើការមិនដកដៃ រហូតដល់អាយុ៧០ឆ្នាំ ក៏នៅតែមិនអាចសងបំណុលនេះបានដែរ ពោលគឺរស់នៅក្នុងជីវិតជាចំណាប់ខ្មាំងរបស់ធនាគារ រហូតដល់ថ្ងៃស្លាប់តែម្ដង។

ទោះបីជារដ្ឋាភិបាលលោក អានុទីន ប្រកាសទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភ និងគម្រោងជំរុញសេដ្ឋកិច្ចយ៉ាងគំហុក រួមទាំងការចែកលុយ១០០០បាតក្នុងដីស្រែមួយរៃយ៉ាងណាក៏ដោយ ក៏វិធានការដោះស្រាយបែបលំៗ ឬពន្យារពេលសងបំណុលបណ្តោះអាសន្នទាំងនោះ ត្រូវបានអ្នកជំនាញរិះគន់ចំៗថាជា«ថ្នាំសង្កូវដែលគ្មានប្រសិទ្ធភាព» និងមិនអាចទប់ទល់ជាមួយការកើនឡើងនៃតម្លៃប្រេងម៉ាស៊ូតជាង៦០ភាគរយនោះឡើយ។ ការណ៍នេះ បានធ្វើឱ្យប្រជាប្រិយភាពរបស់លោក អានុទីន ធ្លាក់ចុះយ៉ាងគំហុកពី ៦៨ភាគរយ មកនៅសល់ត្រឹម៥៧ភាគរយ ក្នុងរយៈពេលតែពីរខែ (យោងតាមការស្ទង់មតិរបស់ Suan Dusit Poll) ព្រោះពលរដ្ឋជនបទមានអារម្មណ៍ថា ក្រោយពេលឈ្នះឆ្នោតហើយ ពួកអ្នកនយោបាយក្រុងបាងកកបាន«បាត់មុខឈឹង» និងទុកឱ្យពួកគាត់រែកពន់វិបត្តិថ្លៃជីវភាពតែម្នាក់ឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត