
រាជធានីបាងកក៖ ស្ថានភាពសន្តិសុខនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសថៃ បានឡើងកម្ដៅខ្លាំងឡើងៗ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមបំបែកខ្លួនមិនស្គាល់អត្តសញ្ញាណ ទៅលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋ រោងចក្រអគ្គិសនី និងកងកម្លាំងសន្តិសុខក្នុងថ្ងៃតែមួយ...។

ជាក់ស្តែង កាលពីវេលាម៉ោង១២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ក្រុមបំបែកខ្លួនជនជាតិភាគតិចមួយក្រុម បានសម្រុកចូលវាយប្រហាររោងចក្រអគ្គិសនីរបស់ក្រុមហ៊ុន Pattani Green Co Ltd ស្ថិតក្នុងឃុំលីប៉ាសាង៉ូ (ลิปาซานโก) ស្រុកណងជិក (น้องจิก) ខេត្តប៉ាតានី។ ក្រុមខ្មាន់កាំភ្លើង បានប្រើប្រាស់អាវុធភ្ជង់គំរាមកំហែងបុគ្គលិក និងឆ្មាំសន្តិសុខ រួចឱ្យទៅប្រមូលផ្តុំគ្នានៅទ្វារខាងមុខ មុនពេលបើកការបំផ្ទុះយ៉ាងខ្លាំងក្លានៅក្នុងបរិវេណរោងចក្រ។ ភ្លាមៗ កងកម្លាំងល្បាតថៃ បានចុះទៅអន្តរាគមន៍ បិទខ្ទប់តំបន់ជុំវិញ និងបើកការត្រួតពិនិត្យ ដើម្បីតាមប្រមាញ់ក្រុមជនល្មើស ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសម្រួលដល់ការប្រមូលភស្តុតាង។ ក្នុងហេតុការណ៍នេះ មិនមានរបាយការណ៍អ្នករងរបួស ឬស្លាប់ទេ។

ប៉ុន្មានម៉ោងក្រោយមក ពោលគឺនៅវេលាម៉ោងប្រហែល៨:៣៥នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ក្រុមបំបែកខ្លួនផ្សេងទៀត បានបន្តបើកការវាយប្រហារ ដោយបានបំផ្ទុះគ្រាប់បែកក្បែរចិញ្ចើមផ្លូវ នៅមុខសាលារៀនបានពូឡៃ (บ้านปูไล) ស្ថិតក្នុងស្រុករ៉ាម៉ាន់ (รามัน) ខេត្តជាល ឬយ៉ាឡា។ ការបំផ្ទុះនេះ បានកើតឡើងចំពេលកងកម្លាំងពិសេសថៃ កំពុងបំពេញភារកិច្ចការពារសន្តិសុខ និងសម្រួលការធ្វើដំណើរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ហេតុការណ៍ដ៏សាហាវនេះ បណ្ដាលឱ្យមន្ត្រីនគរបាល ២រូប និងប្រជាពលរដ្ឋក្នុងស្រុកម្នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងប្រចាំតំបន់ភូមិភាគ៤ បានថ្កោលទោសការវាយប្រហារទាំងនេះថា ជាការប៉ុនប៉ងបង្កើតការភ័យខ្លាច និងបំផ្លិចបំផ្លាញសន្តិសុខសាធារណៈ។ បច្ចុប្បន្ន មន្ត្រីជំនាញ និងមន្ត្រីកោសល្យវិច័យ ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងទាំង២ ដើម្បីវាយតម្លៃពីការខូចខាត និងស្វែងរកជនបង្ក។ អាជ្ញាធរថៃ បានដាក់កងកម្លាំងទាំងអស់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត និងបានបង្កើនការការពារសន្តិសុខយ៉ាងតឹងរ៉ឹង នៅជុំវិញគ្រឹះស្ថានអប់រំ ផ្លូវដឹកជញ្ជូន និងទីតាំងអាជីវកម្មនានា។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃ ក៏បានអំពាវនាវដល់សាធារណជនកុំចែករំលែកព័ត៌មានមិនច្បាស់ និងស្នើសុំឱ្យរាយការណ៍ជាបន្ទាន់ នូវរាល់សកម្មភាពសង្ស័យក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង៕



