
រាជធានីបាងកក៖ ប្រទេសថៃកំពុងក្លាយជាសម្បុកលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសនានា ជាក់ស្តែង មេខ្លោងធំនៃបណ្តាញជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ទាំងកណ្តាលយប់ នៅរាជធានីបាងកក កាលពីថ្ងៃទី៩មិថុនាម្សិលមិញ ក្រោយទទួលបានព័ត៌មានពីប៉ូលិសអ៊ីនធើប៉ូល...។

យោងតាមប៉ូលិសថៃ បានឱ្យដឹងថា ជនសង្ស័យដែលជាមេខ្លោងរូបនេះ មានឈ្មោះថា អ៊ីខេនណា ប៉ាទ្រីក អាហ្ស៊ូប៊ូយខេ (Ikenna Patrick Azubuike) អាយុ៣៦ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា បានសម្ងំលាក់ខ្លួន និងធ្វើដំណើរចេញចូលប្រទេសថៃ អស់រយៈពេលជាង៧ឆ្នាំមកហើយ។ បុរសរូបនេះ បានក្លាយខ្លួនឡើងជាមេបណ្តាញតំបន់នៃក្រុមឧក្រិដ្ឋជនអាហ្វ្រិក ប្រចាំស្រុកថៃ ដែលត្រូវបានគេស្គាល់ថា ជាមែកធាងមួយរបស់អង្គការឧក្រិដ្ឋកម្មអន្តរជាតិ NBM of Africa។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រូបគេមានចរន្តសាច់ប្រាក់ហូរកាត់គណនីបណ្តាញរបស់គេរហូតដល់ទៅជាង៣៨០លានបាត (ប្រមាណជាង១០លានដុល្លារ)។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសរកឃើញថ្នាំញៀនប្រភេទកូកាអ៊ីន និងទ្រព្យសម្បត្តិវត្ថុតាងសរុបប្រមាណ៧សែនបាតបន្ថែមទៀត។ គួររំឭកដែរថា កាលពីចុងសប្តាហ៍មុន ប៉ូលិសថៃ ទើបតែចាប់ខ្លួនមេខ្លោងបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ (ទូរសព្ទឆ្លងដែន) និងជាឧក្រិដ្ឋជននៅក្នុងបញ្តាញជួញដូរមនុស្សអន្តរជាតិផងដែរ បន្ទាប់ពីទទួលព័ត៌មានពីប៉ូលិសអ៊ីនធើប៉ូល ស្នើឱ្យតាមចាប់ខ្លួនឧក្រិដ្ឋជនរូបនោះ៕





