
រាជធានីភ្នំពេញ៖ ទីតាំងសិប្បកម្មធ្វើប្រហិត និងស្ដុកសាច់បង្កក៣កន្លែង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចចម្រុះឆ្មក់ចុះបង្ក្រាប ក្រោយសង្ស័យថា មានប្រភពមកពីប្រទេសថៃ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦...។

សកម្មភាពនៃការចុះបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីគណៈបញ្ជាការឯកខណ្ឌទួលគោក សហការជាមួយមន្ត្រីជំនាញ ក.ប.ប ព្រមទាំងសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានការសង្ស័យថា មានបង្កប់សាច់សត្វ ជើងមាន់ ស្លាបមាន់បង្កកនៅទីតាំងទាំង៣ដែលរួមមាន៖ ១.ទីតាំងសិប្បកម្ម ហេង មួយលី, ២.ទីតាំងសិប្បកម្ម គុយ ស្រុយ និង៣.ទីតាំងឃ្លាំងស្ដុកសាច់ ស្រ៊ុន ស្រី។ យ៉ាងណា តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ មន្រ្តីជំនាញរកឃើញថា សិប្បកម្ម ហេង មួយលី មានបង្កប់នូវប្រភេទសាច់បង្កកនាំចូលពីប្រទេសថៃមួយចំនួនធំ ខណៈម្ចាស់ទីតាំងខាងលើ អះអាងថា ខ្លួនបានបញ្ជាទិញទំនិញទាំងអស់នេះ តាមអនឡាញពីក្រុមឈ្មួញនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ។

ក្រោយចប់ប្រតិបត្តិការចុះត្រួតពិនិត្យ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទទីតាំង សិប្បកម្ម ហេង មួយលី ជាបណ្ដោះអាសន្ន រួមទាំងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរព័ត៌មានបន្តនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមជម្រាបថា ប្រតិបត្តិចុះបង្ក្រាបទីតាំងសាច់សត្វបង្កកនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូន ដោយសម្តេចបញ្ជាក់ថា ចំពោះអ្នកនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ត្រូវចាប់រឹបអូសទ្រព្យសម្បត្តិ និងបញ្ជូនខ្លួនអ្នកទាំងនោះទៅទល់ដែន ដើម្បីបម្រើកិច្ចការងារទ័ព និងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ សម្តេចមានប្រសាសន៍បញ្ជាក់សាជាថ្មីថា ដោយកំណត់ឱ្យហៅឈ្មួញមកសួរដោយផ្ទាល់ ដើម្បីរកមុខមន្ត្រីពាក់ព័ន្ធនៃការនាំសាច់បង្កកទាំងនេះ ចូលមកកម្ពុជា៕









