
រាជធានីភ្នំពេញ៖ ត្រៀមបង្ការ និងកាត់បន្ថយការលិចលង់ដោយសារទឹកភ្លៀងក្នុងរដូវវស្សា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យលទ្ធផលការស្ដារប្រឡាយជាច្រើនខ្សែ និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកចំនួន២ទីតាំង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦..។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រឡាយដែលកំពុងស្ដាររួមមាន៖ ប្រឡាយទួលពង្រ១, ប្រឡាយលូប្រាំ, ប្រឡាយហា និងប្រឡាយភូមិម័ល។ ការងារស្ដារប្រឡាយទាំងនេះ អនុវត្តស្របតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ការគាំទ្រទាំងថវិកា និងប្រេងឥន្ធនៈដល់ខណ្ឌនីមួយៗ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នា លោក ឃួង ស្រេង បន្តចុះទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកលូប្រាំ និងស្ថានីយបូមទឹកបឹងតាម៉ាត ដោយជំរុញឱ្យមន្ទីរជំនាញ ខិតខំបញ្ចប់ការងារឱ្យបានទាន់ពេលវេលា ដើម្បីធានាកាត់បន្ថយការជន់លិចលំនៅឋានប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ នារដូវវស្សាឆ្នាំនេះ។

បន្ថែមពីលើកិច្ចការទាំងនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរខណ្ឌ បន្តជីកស្ដារប្រឡាយតភ្ជាប់ពីប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ព្រមទាំងដាក់លូខ្នាតធំឆ្លងកាត់ផ្លូវចំនួន២កន្លែងជំនួសលូចាស់ដែលមានទំហំតូចចង្អៀត។ ទន្ទឹមនឹងនេះ អភិបាលរាជធានី បានណែនាំឱ្យបន្តស្ដារប្រឡាយភូមិម័ល និងដំឡើងភ្លើងបំភ្លឺសាធារណៈ តាមបណ្តោយប្រឡាយទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យផងដែរ។

ក្នុងកិច្ចការនេះ លោកប្រធានមន្ទីរ អះអាងថា ក្រុមការងារនឹងបន្តស្ដារដៃប្រឡាយទួលពង្រ និងបុកស៊ីផាយនៅទីតាំងចាំបាច់ ដោយសិក្សាផ្លាស់ប្ដូរទីតាំងស្ថានីយបូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ។ តាមរបាយការណ៍ អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នការងារស្ដារប្រឡាយទួលពង្រប្រវែងជាង ៥ពាន់ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្តុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ សម្រេចបានជាង៤ពាន់ម៉ែត្រ ខណៈផ្នែកនៅសល់ជាង១ពាន់ម៉ែត្រទៀត កំពុងបន្តអនុវត្តដោយគ្រោងបញ្ចប់ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍ខាងមុខ៕







