អាម៉េរិក ព្រមលក់ឧទ្ធម្ភាគចក្រជើងទឹកតម្លៃ១,៥ពាន់លានដុល្លារទៅឱ្យនូវែលសេឡង់
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានអនុម័តលើការលក់ឧទ្ធម្ភាគចក្រជើងទឹកប្រភេទ Seahawk (ស៊ីហក) ចំនួន៥គ្រឿង ក្នុងតម្លៃ១,៥ពាន់លានដុល្លារទៅឱ្យប្រទេសនូវែលសេឡង់ ខណៈប្រទេសដីកោះមួយនេះបានប្តេជ្ញាចិត្តថា នឹងបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួនជិតទ្វេដង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា៖«អាម៉េរិកបានសម្រេចអនុម័តលើលទ្ធភាពនៃការលក់ឧទ្ធម្ភាគចក្រ និងបរិក្ខារសឹកពាក់ព័ន្ធ ជូនដល់រដ្ឋាភិបាលនូវែលសេឡង់»។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក បង្កើនការចំណាយលើវិស័យយោធា។ នូវែលសេឡង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសអូស្ត្រាលី កំពុងបង្កើនការដាក់ពង្រាយកងទ័ពកាន់តែខ្លាំងឡើងនៅទូទាំងតំបន់អាស៊ីបូព៌ា ដើម្បីគាំទ្រដល់កងទ័ពបស្ចិមប្រទេស និងដៃគូនានា ចំពេលឥទ្ធិពលយោធារបស់ប្រទេសចិនកំពុងកើនឡើងយ៉ាងរហ័ស។

ការបញ្ជាទិញឧទ្ធម្ភាគចក្រ Seahawk ផលិតដោយក្រុមហ៊ុន Sikorsky (ស៊ីករស្កាយ) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin (ឡុកហ៊ីដ ម៉ាធីន) គឺជាផ្នែកមួយនៃផែនការឆ្នាំ២០២៥ របស់រដ្ឋាភិបាលស្ដាំនិយមរបស់នូវែលសេឡង់ ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិចំនួន៩ពាន់លានដុល្លារនូវែលសេឡង់ ឬប្រហែល៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំ និងបង្កើនការចំណាយឱ្យជិតទ្វេដង រហូតដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៨ឆ្នាំខាងមុខ។ កាលពីខែឧសភា នូវែលសេឡង់ បានបែងចែកកញ្ចប់ថវិកាការពារជាតិថ្មីជាង ៩០០លានដុល្លារអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត