
មជ្ឈិមបូព៌ា៖ ច្រកសមុទ្ទហ័រមូស្ស នឹងនៅតែបើកចំហដដែល ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌថ្មី ដែលនឹងត្រូវកំណត់ដោយប្រទេសអ៊ីរ៉ង់ និងអូម៉ង់ រួមទាំងការទារកម្រៃសេវាឆ្លងកាត់ផងដែរ។ នេះបើយោងតាមសម្តីរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរដ្ឋធានីមូស្គូ បញ្ជាក់នៅថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២២០២៦។

សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានកាត់ផ្តាច់រំហូរប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈច្រកសមុទ្ទដ៏តូចចង្អៀតនេះ។ នាវាដឹកប្រេងមួយចំនួនបានព្យាយាមចាកចេញពីតំបន់ឈូងសមុទ្ទនាពេលថ្មីៗនេះ ប៉ុន្តែរំហូរប្រេង និងឧស្ម័នធម្មជាតិរាវ នៅតែត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងក្លា។ លោក កាហ្សេម ចាឡាលី ( Kazem Jalali) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីមូស្គូ បានប្រាប់កាសែតរុស្ស៊ីនៅក្នុងបទសម្ភាសមួយថា៖«ពិតណាស់ ច្រកសមុទ្ទនេះនឹងត្រូវបើក ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មីដែលនឹងត្រូវសម្រេចដោយអាជ្ញាធរអ៊ីរ៉ង់ និងអូម៉ង់»។

លោកបានបន្ថែមដោយមិនបានពន្យល់លម្អិតថា៖«យើងយល់ថា អ៊ីរ៉ង់ និងអូម៉ង់ បានផ្តល់សេវាកម្មជាក់លាក់មួយចំនួនពាក់ព័ន្ធនឹងច្រកសមុទ្ទនេះ។ ដូច្នេះ កម្រៃសេវាឆ្លងកាត់ នឹងត្រូវគិតថ្លៃសម្រាប់សេវាកម្មទាំងនោះ»។ អ៊ីរ៉ង់បានលម្អិតថា កិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍ណាមួយ គួរតែអនុញ្ញាតឱ្យខ្លួនមានសិទ្ធិទារកម្រៃសេវាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទនេះ ដោយតម្លៃនឹងប្រែប្រួលទៅតាមប្រភេទនាវាប្រភេទទំនិញ និងស្ថានភាពជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ជំហរមួយនេះ ត្រូវបានប្រឆាំងយ៉ាងដាច់អហង្កាពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ គេនៅចាំបានថា កាលពីចុងខែឧសភា កន្លងទៅ សហរដ្ឋអាម៉េរិកបានព្រមានប្រទេសអូម៉ង់ មិនឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយជាមួយអ៊ីរ៉ង់ ក្នុងការដាក់ពន្ធឆ្លងកាត់នេះឡើយ៕



