
រាជធានីភ្នំពេញ៖ នាវេលាម៉ោង១៦ៈ០០នាទីថ្ងៃទី១១មិថុនា ល្ងាចនេះ ក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦ (ASEAN U19 BOY'S CHAMPIONSHIP 2026) នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូណេស៊ី។ តើក្រុមគោព្រៃជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ អាចបន្តកំណត់ត្រាឈ្នះជាលើកទី៣របស់ខ្លួនបានដែរឬទេ...?

ក្នុងចំណោមប្រវត្តិជួបគ្នា៦លើក គិតចាប់តាំងពីឆ្នាំ២០០៩មក កម្ពុជាចាញ់៤ដង និងឈ្នះ២ដងជាប់ៗគ្នា ដូច្នេះ មានន័យថា ក្រុមគោព្រៃវ័យជំទង់កម្ពុជា បានវិវត្តរ៍ខ្លួនយ៉ាងល្អដែលអាចយកឈ្នះក្រុមបាល់ទាត់ថៃ អាយុក្រោម១៩ឆ្នាំ បានជាបន្តបន្ទាប់។ ចុះការប្រកួតល្ងាចនេះវិញ តើក្រុមគោព្រៃវ័យជំទង់កម្ពុជា អាចសាងកំណត់ត្រាឈ្នះបន្តទៀត ដែរឬយ៉ាងណា ខណៈការប្រកួតល្ងាចនេះ គឺជាព្រឹត្តិការណ៍សំខាន់ខ្លាំងសម្រាប់ក្រុមគោព្រៃកម្ពុជា ពោលគឺទាំងការប្រកួតនៅលើទីលាន និងសម្រាប់អ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណា បើប្រកួតឈ្នះ ក្រុមគោព្រៃវ័យជំទង់កម្ពុជា នឹងបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបើចាញ់ ត្រូវប្រកួតជ្រើសយកចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមបរាជ័យរវាង ឥណ្ឌូណេស៊ី ឬក្រុមអូស្ត្រាលី។

សូមជម្រាបថា ក្រុមគោព្រៃវ័យជំទង់កម្ពុជា បានរង់ចាំអស់រយៈពេល២៤ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០២៦នេះ ទើបមានឱកាសឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៦ ខណៈគូប្រជែងនៅល្ងាចនេះ គឺជាសត្រូវលើវាលស្មៅចាស់ ដែលក្រុមគោព្រៃកម្ពុជាចង់ជួបបំផុត។ មុនឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ ក្រុមគោព្រៃវ័យជំទង់កម្ពុជា បានទម្លាក់ក្រុមហ្វីលីពីន ដោយលទ្ធផល ៣-០ រួចដឹកដៃក្រុមកង់គូរូអូស្ត្រាលីឡើងមកវគ្គ៤ក្រុមជាមួយគ្នា បន្ទាប់ពីក្រុមទាំងពីរលេងស្មើ ២-២ នៅកីឡដ្ឋាន Madya 1 Stadium កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។ ទោះយ៉ាងណា អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា មានជំនឿចិត្តយ៉ាងមុតមាំលើក្រុមគោព្រៃវ័យជំទង់កម្ពុជា ថាអាចនឹងសាងកំណត់ត្រាល្អក្នុងការប្រកួតនេះបានមិនខាន ជាពិសេស ត្រូវតែបំបាក់ក្រុមដំរីសឹកថៃ ដែលតែងតែគឃ្លើនមើលងាយក្រុមគោព្រៃកម្ពុជាយើងជារឿយៗ៕





