អ្នកជំនាញបញ្ជាក់៖ សកម្មភាពរាំបង្អួតរោមរបស់«សត្វទ្រមាក់អណ្ដើកឈ្មោល»ទាក់ញី ផ្តល់ភាពងាយស្រួលក្នុងការកំណត់ចំនួន
S
Sreyleak Yith
15 ម៉ោងមុន

អន្តរខេត្ត៖ ពេលនេះជារដូវបន្តពូជដែលសត្វខ្សឹប ឬទ្រមាក់អណ្ដើកឈ្មោល មានសកម្មភាពយ៉ាងខ្លាំងក្នុងការរាំពត់ពេនបង្អួតរោម ដើម្បីទាក់ទាញសត្វខ្សឹបញី។ កត្តាទាំងនេះ បានជួយឱ្យការកំណត់រាប់ចំនួនសត្វ និងវាយតម្លៃលើប្រសិទ្ធភាពរយៈពេលវែងនៃយុទ្ធសាស្ត្រអភិរក្ស។ នេះបើយោងតាមការឱ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី១០មិថុនា…។ 

អង្គការសមាគមអភិរក្សសត្វព្រៃ គូសបញ្ជាក់ថា សត្វខ្សឹប (Bengal Florican) ជាប្រភេទបក្សី កំពុងរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីតាមដានក៏ដូចជាការពារអង្គការ WCS ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន សហការគ្នាធ្វើជំរឿនសត្វខ្សឹបប្រចាំឆ្នាំ ដោយចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ ការតាមដានរយៈពេលវែងនេះ ត្រូវបានធ្វើឡើងនៅក្នុងទីតាំងជាច្រើន ដែលត្រូវបានកំណត់ជា «តំបន់ការពារសត្វខ្សឹប» ទាំងនៅផ្នែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។ ក្នុងឆ្នាំ២០២៦ ពោលគឺចាប់ពីខែមីនា ដល់ខែមិថុនា ក្រុមការងារ បានចុះបំពេញបេសកកម្មនៅលើវាលទំនាប ដើម្បីធ្វើជំរឿនប្រចាំឆ្នាំពីសត្វខ្សឹប។

អង្គការសមាគមអភិរក្សសត្វព្រៃបន្ថែមថា ក្នុងពេលចំនួនសរុបនៃសត្វទ្រមាក់អណ្ដើក នៅលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តំបន់វាលស្មៅធម្មជាតិជុំវិញបឹងទន្លេសាប បានក្លាយជាទីតាំងយ៉ាងសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវាដោយទ្រទ្រង់ចន្លោះពី៧០ទៅ៨០ភាគរយ នៃចំនួនទ្រមាក់អណ្ដើកសរុបនៅលើពិភពលោក ខណៈចំនួនតិចតួច និងដាច់ដោយឡែកពីគ្នា កំពុងមានវត្តមាននៅប្រទេសឥណ្ឌា និងណេប៉ាល់។ គួរជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សទ្រមាក់អណ្ដើក នៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ន ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្ដប់លើផ្ទៃដីទំហំ៣១១៥៩ហិកតា លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត