
ខេត្តកំពង់ធំ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងពេលដែលចុះទៅស្វែងរកទីជម្រក និងផ្តិតយករូបភាពសត្វខ្សឹបដែលជាបក្សីកម្រ និងជិតផុតពូជនៅលើទីវាលដ៏ធំល្វឹងល្វើងនៃ តំបន់អភិរក្សសត្វខ្សឹបស្ទោង ជាការមើលឃើញ អាកាសធាតុក្ដៅហួតហែងក្នុងខែមករា ពុំមានរុក្ខជាតិណាផ្សេងដុះក្រៅពីស្មៅនោះឡើយ។ ជាហេតុធ្វើឱ្យទីជម្រកសត្វបក្សីខ្សឹប ៨០ភាគរយ នៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់។ មិនតែប៉ុណ្ណោះការដាក់ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់អូសកាត់តំបន់វាលស្មៅនោះបានធ្វើឱ្យសត្វខ្សឹបចំនួន៦ក្បាលងាប់ដោយសារហោះបុកដែលនេះជាកត្តាគំរាមកំហែងថ្មីមួយទៀត នៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បន្ថែមថា តំបន់អភិរក្សសត្វខ្សឹបស្ទោង គឺជាផ្នែកមួយ នៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយដែលនៅសេសសល់សម្រាប់សត្វខ្សឹប។ នៅក្នុងប្រទេសកម្ពុជា សត្វបក្សីខ្សឹប មានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែតំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។ «សត្វបក្សីខ្សឹប» (Bengal florican) មានដើមកំណើតនៅក្នុងឧបទ្វីបឥណ្ឌា និងប្រទេសកម្ពុជា។ ខ្សឹប ជាប្រភេទបក្សីកម្រ និងជិតផុតពូជ ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ក្នុងឆ្នាំ ២០១៨។ មានកត្តាជាច្រើន ដែលធ្វើឱ្យតំបន់នេះនៅតែមានវត្តមានបក្សីខ្សឹប និងសត្វស្លាបសំខាន់ៗផ្សេងទៀតរស់នៅច្រើនជាងគេ។

ថ្លែងក្នុងបទសម្ភាសជាមួយ«គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ» លោក ស៊ុំ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប បានឱ្យដឹងថា៖ «ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងរលូន ជាមួយស្ថាប័នពាក់ព័ន្ធជាង២០ឆ្នាំកន្លងមកជាមួយក្រសួង និងមន្ទីរបរិស្ថាននៃខេត្តទាំងពីរកំពង់ធំ និងសៀមរាប ជាពិសេស ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរនោះ ទើបយើងមានលទ្ធផលបែបនេះ»។ តំបន់វាលស្មៅស្ទោង នៅក្នុងរដូវវស្សាគេសង្កេតឃើញមានទេសភាពពណ៌បៃតងខ្ចីគួរឱ្យគយគន់។ ក្នុងរដូវប្រាំងស្មៅមួយចំនួនធំបានងាប់ហើយក៏មានលាស់ថ្មីដែរ ដែលជាទីជម្រកដ៏ល្អបំផុតសម្រាប់សត្វខ្សឹប ពង-កូន រកចំណី និងធំធាត់។ ចំពោះកត្តាគំរាមកំហែងចំពោះសត្វខ្សឹបកន្លងមក និងនាពេលចប្ចុប្បន្ននេះ ត្រូវបានលោក ភារុណ បានបញ្ជាក់យ៉ាងខ្លីថា គឺដោយសារការបាត់បង់ទីជម្រក។ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះការទន្ទ្រានដី និងប្រែក្លាយតំបន់វាលស្មៅធម្មជាតិទៅជាតំបន់កសិកម្មស្រែចម្ការមានទំហំធំណាស់។ លោក ភារុណ បានបន្ថែមថា៖ «វាលស្មៅប្រហែលជាង៨០ភាគរយនៅក្នុងខេត្តទាំងប្រាំមួយជុំវិញបឹងទន្លេសាបត្រូវបានបាត់បង់់ធ្វើឱ្យទីជម្រករបស់សត្វខ្សឹប បានធ្លាក់ចុះយ៉ាងគំហុក។ ទាំងនេះគឺជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្សឹបធ្លាក់ចុះផងដែរ។ ការបរបាញ់ក៏ជាកត្តាគំរាមកំហែងផ្សេងទៀតដែរ»។

បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល១២ខែអង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ក្នុងមួយសប្តាហ៍ពីរដងបានរកឃើញថា មានសត្វខ្សឹបចំនួន៦ក្បាលបានងាប់ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ ចំពោះមុខបញ្ហានេះ លោក ភារុណ បញ្ជាក់ថា៖ «ជាលក្ខណៈជីវសាស្ត្ររបស់សត្វស្លាប់វាពុំអាចមើលឃើញអ្វីដែលតូចឆ្មារពីចម្ងាយបានឡើយ។ ពេលវាហោះទៅកៀកនឹងខ្សែបណ្តាញអគ្គិសនីនោះអ្វីៗគឺហួសពេលទៅហើយ។ សត្វមិនអាចហោះគេចបានក៏បុកស្លាប់តែម្ដងទៅ»។ លោកបន្ថែមថា៖ «សត្វខ្សឹបងាប់ចំនួន៦ក្បាលនេះ បើគិតពីចំនួនសត្វខ្សឹបនាពេលបច្ចុប្បន្ននេះ គឺជាចំនួនភាគរយដ៏ច្រើនមួយ។ បើយោងតាមស្ថិតិជំរឿនក្នុងឆ្នាំ២០២៣ របស់អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា (WCS) មានសត្វខ្សឹបឈ្មោលបង្ហាញខ្លួនត្រឹមតែ ១៧៦ក្បាលប៉ុណ្ណោះ»។ ក្រៅពីសត្វខ្សឹបក៏មានប្រភេទសត្វស្លាបផ្សេងៗទៀតមានដូចជា ក្រៀល ក្រសា រនាលពណ៌ ត្រដក់ ក៏បានហោះបុកខ្សែបណ្តាញអគ្គិសនីងាប់ដែរនេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ភារុណ។

ទោះយ៉ាងណាជុំវិញករណីនេះ លោក ភារុណ នៅតែមានសុទិដ្ឋិនិយមថា ដំណោះស្រាយនៅតែមាន ប្រសិនបើមានការយកចិត្តទុកដាក់ពីអង្គភាពអគ្គិសនីកម្ពុជា ដោយបំពាក់ឧបករណ៍ឱ្យសញ្ញាដល់សត្វស្លាប។ លោក ភារុណ បញ្ជាក់បន្ថែមថា៖ «បើមានការដាក់ឧបករណ៍ចាំងពន្លឺត្រឡប់ភ្ជាប់នឹងខ្សែបណ្តាញអគ្គិសនីបានត្រឹមត្រូវនោះហានិភ័យអាចនឹងកាត់បន្ថយបានច្រើន»។ សូមជម្រាបថា យោងតាមការសិក្សាមួយ ដោយផ្អែកលើតួលេខពីប្រទេសកម្ពុជាបានប៉ាន់ប្រមាណថា ចំនួនសត្វខ្សឹបនៅលើពិភពលោកមានការថយចុះយ៉ាងឆាប់រហ័សក្នុងពេលចុងក្រោយនេះ។ អត្រានៃការថយចុះនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា តែមួយស្មើនឹងការធ្លាក់ចុះនៃចំនួនសត្វខ្សឹបនៅលើពិភពលោកជាង៨០ភាគរយ៕




