
(ខេត្តកំពង់ធំ)៖ ចំនួនសត្វខ្សឹបនៅកម្ពុជា ហាក់មានការកើនឡើងជាងឆ្នាំមុន ដោយសារវត្តមាននៃសំបុកពងកូនកើនឡើង ហើយប្រសិទ្ធភាពនៃកិច្ចការងារអភិរក្សរបស់ក្រសួងបរិស្ថាន ប្រជាពលរដ្ឋ និងអង្គការដៃគូ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ទស្សនកិច្ចនៅខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែសីហានេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ផ្អែកតាមការអង្កេតជាក់ស្តែង ចំនួនសត្វខ្សឹបហាក់មានការកើនឡើងជាងមុន ពោលអាចមានចន្លោះពី៥០០ ទៅ៥៥០ក្បាល នៅតំបន់ជុំវិញបឹងទន្លេសាប ពិសេសគឺខេត្តកំពង់ធំ ស្មើនឹងប្រមាណ៧០ភាគរយនៃចំនួនសត្វខ្សឹបនៅលើពិភពលោក។ មន្ត្រីនាំពាក្យបញ្ជាក់ថា ការអភិរក្សសត្វខ្សឹបនេះ មិនត្រឹមតែជួយបង្កើនចំនួនសត្វខ្សឹបនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការអភិរក្សសត្វនេះ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានចំណូលបន្ថែមពវីស័យទេសចរណ៍ ពីគម្រោងស្រូវនិរន្តរភាព និងគម្រោងចែកពូជក្របីដល់ប្រជាសហគមន៍ជាសមាជិកថែមទៀតផង។

លោកបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការពាក់ព័ន្ធ បានផ្តល់សារសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចការងារអភិរក្សសត្វខ្សឹបដែលជាប្រភេទសត្វកម្រ។ សត្វខ្សឹប ត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុត នៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាង ៨០០ ក្បាលនៅលើពិភពលោក។

ដោយឡែក លោក មាស ថាន ប្រធានសហគមន៍តំបន់ការពារធម្មជាតិប្រឡាយ នៅឃុំប្រឡាយ ស្រុកស្ទោង មានប្រសាសន៍ថា ប្រជាពលរដ្ឋជាសមាជិកសហគមន៍ មានចំនួន៣ភូមិ ស្មើនឹងចំនួន៤២០គ្រួសារ។ ចំណូលពីការអភិរក្សសត្វខ្សឹបនេះ បានយ៉ាងច្រើន ក្នុងនោះសហគមន៍ ទទួលបានចំណូលប្រមាណ១ម៉ឺនដុល្លារអាម៉េរិក ពីការនាំភ្ញៀវទៅមើលសត្វខ្សឹប ហើយថវិកាទាំងនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍសហគមន៍ ដូចជាសាងសង់សាលារៀន ជួសជុលផ្លូវ ត-បណ្តាញអគ្គិសនីជាដើម។ លោកថា ភ្ញៀវទេសចរត្រូវចំណាយ១៥ដុល្លារអាម៉េរិក ក្នុងម្នាក់ ដើម្បីបានទស្សនាសត្វខ្សឹបនៅតំបន់ការពារ។ ពិសេស សហគមន៍ ក៏អាចរកចំណូលបានតាមរយៈការអភិរក្ស ពងសត្វខ្សឹប ក្នុងមួយសំបុកចំនួន៣០ដុល្លារទៀតផង។

សូមជម្រាបថា ដើម្បីការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្ដប់លើផ្ទៃដីទំហំ ៣១ ១៥៩ ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប៕ រាយការណ៍ដោយ៖ លោក ភោគ រ៉ន




