សមាគមបង្កងថៃ ជំរុញរាជរដ្ឋាភិបាលចរចាជាមួយម៉ាឡេស៊ី ឱ្យដកការហាមឃាត់នាំចូលបង្កងវិញ
N
Nary Vann
16 ម៉ោងមុន

រាជធានីបាងកក៖ សមាគមបង្កងថៃ បានជំរុញឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីចរចាជាមួយប្រទេសម៉ាឡេស៊ី ឱ្យដកការហាមឃាត់ការនាំចូលបង្កងចំនួន៥ប្រភេទពីប្រទេសថៃវិញ បន្ទាប់ពីម៉ាឡេស៊ីបានប្រកាសផ្អាកការនាំចូល កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ដើម្បីសងសឹកនឹងការដែលភាគីថៃរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលត្រី Sea bass ពីម៉ាឡេស៊ី...។

ការបិទច្រកនាំចេញដ៏សំខាន់នេះ ធ្វើឱ្យទីផ្សារបង្កងថៃធ្លាក់ចូលក្នុងសភាពជាប់គាំងស្ទើរគ្រប់ច្រក និងបង្កឱ្យមានការកកស្ទះបង្កងលើសតម្រូវការយ៉ាងខ្លាំងនៅក្នុងស្រុក ជាពិសេស បានជះឥទ្ធិពលអាក្រក់ផ្ទាល់ដល់កសិករចិញ្ចឹមបង្កងនៅភាគខាងត្បូង ស្របពេលទីផ្សារអន្តរជាតិធំៗផ្សេងទៀតដូចជា សហរដ្ឋអាម៉េរិក និងជប៉ុន ក៏កំពុងតែធ្លាក់ចុះខ្សោយខ្លាំងដូចគ្នា។ ប្រធានសមាគមបង្កងថៃ បានព្រមានថា បញ្ហាតម្លៃគឺជាឧបសគ្គដ៏ធំបំផុត ធ្វើឱ្យបង្កងថៃបាត់បង់សមត្ថភាពប្រកួតប្រជែង ដោយសារតែបង្កងថៃមានតម្លៃថ្លៃជាងគូប្រជែងសំខាន់ៗ ដូចជា អេក្វាទ័រ និងឥណ្ឌាជាដើម។ វិបត្តិតម្លៃខ្ពស់នេះមិនមែនបណ្ដាលមកពីការប្រែប្រួលរូបិយបណ្ណឡើយ ប៉ុន្តែវាជាបន្ទុកថ្លៃដើមលាក់កំបាំង ដែលកើតចេញពីជំងឺបង្កងរ៉ាំរ៉ៃ បានកាត់បន្ថយអត្រារស់ និងជំរុញឱ្យថ្លៃដើមផលិតកម្មរបស់ថៃហក់ឡើងខ្ពស់ហួសហេតុ រហូតធ្វើឱ្យម៉ូយធំៗធ្លាប់ទិញបង្កងថៃជាង៣០ឆ្នាំ បែរជាងាកទៅរកទិញពីប្រទេសអេក្វាទ័រ ឥណ្ឌា និងវៀតណាមវិញ។ 

ស្ថានភាពនេះ បានធ្វើឱ្យចំណូលនាំចេញបង្កងរបស់ថៃដែលធ្លាប់ទទួលបានជាង១០០ប៊ីលានបាតក្នុងមួយឆ្នាំ ត្រូវបាត់បង់អស់ជាង៦០ប៊ីលានបាតរួចទៅហើយ។ បច្ចុប្បន្ន វិស័យឧក្រិដ្ឋកម្មពាណិជ្ជកម្មបង្កងថៃ កំពុងរង់ចាំមើលលទ្ធផលនៃការចរចានៅថ្ងៃទី៨ ខែមិថុនានេះ ដោយសង្ឃឹមថា រាជរដ្ឋាភិបាល នឹងអាចដោះស្រាយវិបត្តិព្រំដែនជាមួយម៉ាឡេស៊ី ព្រមទាំងជួយបើកផ្លូវពង្រីកការនាំចេញបន្ថែមទៅកាន់ប្រទេសចិន និងសហភាពអឺរ៉ុប ដើម្បីស្រោចស្រង់ចំណូលរាប់ម៉ឺនលានបាត ដែលបាននិងកំពុងបាត់បង់ឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត