
រដ្ឋធានីប៉េកាំង៖ របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវស៊ុយអែតមួយ បានគូសបញ្ជាក់ថា ប្រទេសចិន បាននិងកំពុងពង្រីកឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង ក្នុងរយៈពេលមួយឆ្នាំកន្លងមក ចំពេលប្រទេសមហាអំណាចធំៗកំពុងដើរចេញពីការប្តេជ្ញាចិត្ត ក្នុងការរំសាយអាវុធមហាប្រល័យនេះ...។

យោងតាមរបាយការណ៍វិពីទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខូលម៍ (ឬ SIPRI) ដែលបានចេញផ្សាយនៅថ្ងៃចន្ទទី៨ ខែមិថុនា បានបង្ហាញថា ចិនបានបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរចំនួន២០គ្រាប់ទៀត ទៅក្នុងឃ្លាំងស្តុករបស់ខ្លួន គិតត្រឹមខែមករា ឆ្នាំ២០២៦ ធ្វើឱ្យចំនួនក្បាលគ្រាប់សរុបកើនឡើងដល់៦២០គ្រាប់ ធៀបនឹងចំនួន ៦០០គ្រាប់កាលពីឆ្នាំមុន។ របាយការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា ចិនកំពុងធ្វើទំនើបកម្មយ៉ាងខ្លាំងក្លា និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងគំហុក ដោយឃ្លាំងស្តុកក្បាលគ្រាប់ត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

ក្បាលគ្រាប់នុយក្លេអ៊ែរភាគច្រើនរបស់ចិន ត្រូវបានគេជឿថា បានរក្សាទុកដាច់ដោយឡែកពីឧបករណ៍បាញ់បង្ហោះ។ វិទ្យាស្ថាន SIPRI បានវាយតម្លៃថា ចិនអាចនឹងបង្កើនការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាមួយកងកម្លាំងប្រតិបត្តិការ រហូតដល់ប្រហែល៣៤គ្រាប់ នៅក្នុងខែមករា ខណៈកាលពីឆ្នាំ២០២៥ មានត្រឹមតែ២៤គ្រាប់ប៉ុណ្ណោះ។ របាយការណ៍ ក៏បានប៉ាន់ប្រមាណផងដែរថា ចិនមានឃ្លាំងសម្រាប់ដាក់មីស៊ីលនៅលើដីចំនួន៧៧៥កន្លែង គិតត្រឹមខែមករា ដោយមានឧបករណ៍បាញ់បង្ហោះមីស៊ីលអន្តរទ្វីប (ឬ ICBM) ច្រើនជាងប្រទេសរុស្ស៊ី ឬសហរដ្ឋអាម៉េរិកទៅទៀត ហើយឃ្លាំងផ្ទុកមីស៊ីល ICBM របស់ចិន អាចនឹងមានចំនួនស្មើនឹងប្រទេសទាំង២នេះ បូកបញ្ចូលគ្នា នៅត្រឹមដំណាច់ទសវត្សរ៍នេះ។

របាយការណ៍របស់ SIPRI បញ្ជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជាត្រូវបានបំពាក់ចូលទៅក្នុងមីស៊ីលចំនួន១០០គ្រាប់ ស្ថិតនៅក្នុងឃ្លាំងថ្មីចំនួន៣ ហើយអាចនឹងត្រូវបានបំពាក់នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលកំពុងធ្វើការល្បាតនៅក្រោមបាតសមុទ្ទជាប្រចាំផងដែរ៕



