រដ្ឋមន្ត្រីបរិស្ថាន បញ្ជាអាជ្ញាធរខេត្តព្រះវិហារ វែករកតាមចាប់ខ្លួនមេខ្លោងកាប់ឈើព្រៃឡង់ម្នាក់
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២៦ បានបញ្ជាទៅមន្ត្រីជំនាញផ្នែកបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉េង ជាមេខ្លោងនៃករណីកាប់ឈើក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ..។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន 
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

ក្រសួងបរិស្ថានប្រកាសព័ត៌មាន ដោយលើកឡើងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីក្រុមការងារនៃអង្គការសង្គមស៊ីវិល ពាក់ព័ន្ធករណីកាប់ឈើនៅថ្ងៃទី៧ឧសភា ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនជនសង្ស័យ​ជាមេខ្លោង មានម៉ាស៊ីនកាត់ឈើចំនួន៨គ្រឿង។​ ទោះជាយ៉ាងណា ក្រសួងបរិស្ថាន មិនបានលម្អិតពីទំហំនៃការបាត់បង់ព្រៃឈើក្នុងតំបន់ការពារនេះនៅឡើយទេ ដោយគ្រាន់តែប្រកាសឱ្យមានការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសនេះប៉ុណ្ណោះ។  

ទន្ទឹមនឹងការបញ្ជានេះ លោករដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជន បន្តចូលរួមសហការចែករំលែក និងរាយការណ៍ព័ត៌មាន ពីបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ លោកបន្ថែមថា វាជាកាតាលីករដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បរិស្ថាន និងជួយឱ្យមន្ត្រីជំនាញ ចុះទៅបង្ក្រាបបានទាន់ពេលវេលា ហើយឈានទៅចាប់ខ្លួនមេខ្លោងកាប់ឈើខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីធ្វើការដាក់ទោសទណ្ឌទៅតាមវិធានការច្បាប់របស់កម្ពុជា។

ជាមួយគ្នា ការចូលរួមសហការពីអ្នកពាក់ព័ន្ធ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ចំពោះការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេស វិធានការពង្រឹងការអនុវត្តច្បាប់ នៅតាមតំបន់ការពារធម្មជាតិ និងធានាការគ្រប់គ្រង អភិរក្សបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីបង្កើនគម្របបៃតងសម្រាប់កូនចៅតជំនាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត